អនុវត្តតាមតួនាទីភារកិច្ច និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នារសៀលថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ែល តូនី អនុប្រធានអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រធានអាជ្ញាធរទន្លេសាប អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប នៅសាលប្រជុំអាជ្ញាធរទន្លេសាប ដែលមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យផែនការ និងសហប្រត្តិការ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប។
សូមជម្រាបថា ផែនការសកម្មភាពការងារឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ត្រូវបានរៀបចំឡើងដោយបន្ស៊ីជាមួយគម្រោងសកម្មភាពការងារ អាទិភាពសំខាន់ៗ នៃផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់អាជ្ញាធរទន្លេសាប ស្របតាមតួនាទីភារកិច្ច ការងារទទួលខុសត្រូវ ដូចបានកំណត់ក្នុងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងគាំទ្រដល់បេសកកម្មការងារស្នូលរបស់អាជ្ញាធរទន្លេសាប ក្នុងការសិក្សាស្រាវជ្រាវ តាមដានត្រួតពិនិត្យ និងវាយតម្លៃអំពី សក្ដានុពលសេដ្ឋកិច្ច សង្គមកិច្ច និងធនធានធម្មជាតិ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួនក្នុងការសម្របសម្រួលដល់ការ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប៕













