ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តសៀមរាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណេីរដោយឯកឧត្តមអគ្គលេខាធិការអាជ្ញាធរទន្លេសាប និងក្រុមការងារមន្ត្រីបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា រវាងអាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តសៀមរាប លើសំណើរបស់ប្រជាកសិករស្នើសុំជួសជុល សាងសង់ទំនប់ ស្តារប្រឡាយ អាងទឹក ត្រពាំង និងស្រះ នៅតំបន់២ នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងក្រសួងធនធានទឹក និងឧតុនិយម រួមនឹងតំណាងរដ្ឋបាលខេត្ត-ក្រុង មន្ទីរ អង្គភាព ស្រុក ឃុំ ដែលមានការពាក់ព័ន្ធ។
សូមជម្រាបថា នេះជាកិច្ចប្រជុំលេីកទី២ ហេីយដែលអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តបានបេីកកិច្ចប្រជុំដេីម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់២ ដោយគោរពទៅតាមលិខិតបទដ្ឋានគតិយុត្ដដែលពាក់ព័ន្ធ៕























