នាថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក ហេង បូរាណ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប និងជាសមាជិកក្រុម នៃអ្នកជំនាញការម៉ូដែលកម្ពុជា ចំនួន៤រូប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពីសកម្មភាពការងារម៉ូដែលឆ្នាំ២០២៥ និងការបញ្ចប់ឯកសាររបាយការណ៍ក្របខ័ណ្ឌគាំទ្រការសម្រេចចិត្តដែលបានធ្វើឱ្យប្រសើរឡើង(DSF) នៅទីក្រុងហូជីមិញ, ប្រទេសវៀតណាម។
គោលបំណង នៃសិក្ខាសាលាគឺ៖
- ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពទូទៅនៃការអនុវត្តសកម្មភាពការងារម៉ូដែលនាឆ្នាំ២០២៥ និងសកម្មភាពសំខាន់ៗដែលបានស្នើឡើងសម្រាប់ផែនការសកម្មភាពការងារឆ្នាំ២០២៦
- ពិនិត្យលើលទ្ធផលនៃក្រុមអ្នកជំនាញថ្នាក់ជាតិ (Associate Modeler) នៃប្រទេសមេគង្គ ក្នុងការបំពេញការងារពង្រឹងជំនាញម៉ូដែល ដោយធ្វើការអនុវត្តលើកម្មវិធីនៃក្របខ័ណ្ឌគាំទ្រការសម្រេចចិត្ត (DSF)
- ដើម្បីបង្ហាញលទ្ធផលឯកសាររបាយការណ៍ចុងក្រោយ នៃបច្ចុប្បន្នភាពក្របខ័ណ្ឌគាំទ្រការសម្រេចចិត្ត (Decision Support Framework-DSF) ដែលបានធ្វើឱ្យប្រសើរឡើង និង ផ្ទាំងគ្រប់គ្រងស្ថានភាពទឹក Water Status Dashboard (WSD)។
សូមបញ្ជាក់ថាសិក្ខាសាលាថ្នាក់តំបន់នេះបានពិភាក្សាលើលទ្ធផលពីការអនុវត្តសកម្មភាពដែលបានឯកភាពកន្លងមក ក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី២១ នៃក្រុមអ្នកជំនាញការ ស្តីពីទិន្នន័យ ម៉ូដែល និងការព្យាករ ដែលផ្តោតលើម៉ូដែលក្របខ័ណ្ឌគាំទ្រការធ្វើសេចក្តីសម្រេចចិត្តបច្ចុប្បន្នភាព (DSF) នៅទីក្រុងហាណូយ, ប្រទេសវៀតណាម នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលពិនិត្យលើលទ្ធផលការងារបច្ចេកទេស និងពិនិត្យឯកសាររបាយការណ៍ចុងក្រោយ នៃបច្ចុប្បន្នភាពក្របខ័ណ្ឌគាំទ្រការសម្រេច(DSF) ដើម្បីទទួលបានមតិយោបល់ កែលម្អចំណុចខ្វះខាតពីក្រុមជំនាញការម៉ូដែលថ្នាក់ជាតិ នៃប្រទេសជាសមាជិកទន្លេមេគង្គ៕









