Friday, April 24, 2026

ក្រុមការងារ​មន្ត្រី​ការិយាល័យ​សម្របសម្រួល​វិវាទ បន្ត​អនុវត្ត​សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន នៅ​តំបន់​បឹង​ទន្លេសាប ខេត្តកំពង់ធំ​

​នា​ថ្ងៃ​សុក្រ ៧ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី​ការិយាល័យ​សម្របសម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ ដោយបាន​ធ្វើការ​ជួបពិភាក្សា​ជាមួយ​តំណាង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ រដ្ឋបាល​ស្រុក​សន្ទុក អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​សហគមន៍​នេសាទ​តា​មុន​មាន​លាភ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ព្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​
​សូម​ជម្រាបជូន​ថា តាមរយ​:​ការចុះអនុវត្ត​សកម្មភាព​នេះ​បានឱ្យ​ឃើញថា បច្ចុប្បន្ន​សម្ពាធ​នៃ​កំណើនប្រជាជន និង​តម្រូវការ​ជីវភាព​របស់​ប្រជាជន​ក្នុងការ​ទាញយក​ផលប្រយោជន៍​ពី​ធនធានធម្មជាតិ បាន និង​កំពុង​ជះឥទ្ធិពល​មកលើ​ធនធានធម្មជាតិ​ជាន់​នឹង​តំបន់​បឹង​ទន្លេសាប ក៏បាន​បង្កឡើង​នូវ​ទំនាស់​/​វិវាទ​ផលប្រយោជន៍ ជាអាទិ៍ :​សកម្មភាព​ប្រើប្រាស់​នូវ​ប្រភេទ​ឧបករណ៍​នេសាទ​ខុសច្បាប់ ការរំលោភបំពាន​ដី​តំបន់ទ្រនាប់ (​តំបន់​២) និង​ដី​ចំណី​បឹង​សាធារណៈ​របស់​រដ្ឋ ការប្រើប្រាស់​ថ្នាំ​បំពុល​សម្លាប់​សត្វល្អិត និង​ជីគីមី​កសិកម្ម​គ្មាន​ស្ដង់ដារ​បច្ចេកទេស​ត្រឹមត្រូវ និង​ការ​ចោល​កាកសំណល់ (​សម្បក​ថ្នាំ​/​ជីគីមី​) ចូលក្នុង​ប្រភពទឹក​ពាល​វាល​ពាសកាល រួម​នឹង​បញ្ហា​វិវាទ​នៃ​ក្នុង​ទាញយក​ទឹក​មក​ស្រោចស្រព​ក្នុង​វិស័យ​កសិកម្ម ជាដើម ដែល​ហេតុ​បង្កឱ្យមាន​ផលប៉ះពាល់​មកលើ​ធនធានធម្មជាតិ និង​ដែន​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​
​សូមបញ្ជាក់​ជូន​ថាៈ សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ដើម្បី​ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន និង​ផ្សព្វផ្សាយ​បញ្ជ្រាប​ខ្លឹមសារ​អនុក្រឹត្យ​លេខ ៨៣ (​ការកំណត់ និង​សិទ្ធិ​អាស្រ័យ​ផល​ដី​តំបន់​២) ក្នុង​គោលបំណង​បង្កើន​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ការយល់ដឹង​ពី​ដំណើរការ​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ធនធានធម្មជាតិ រួមទាំង​ការចែករំលែក​នូវ​ទិន្ន័យ​-​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើតមានឡើង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​វិវាទ​ផលប្រយោជន៍​ពី​ការទាញយក​ធនធានធម្មជាតិ នៅ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សម្រាប់​ភាពជោគជ័យ​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព

ព័ត៌មាន និងព្រឹត្តិការណ៍