នាថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក ហេង បូរាណ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានចូលរួមបានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់ផលិតផលចម្រុះពីផ្កាយរណប សម្រាប់រៀបចំផែនទីទឹកជំនន់ ដោយមានការចូលរួមពីមន្ត្រីជំនាញពី នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងមន្ទីរធនធានទឹក និងឧតុនិយម និងពីស្ថាប័នពាក់ព័ន្ធដូចជា អាជ្ញាធរទន្លេសាប, ក្រសួងរ៉ែនិងថាមពល ក្រុមការងារជំនាញការថ្នាក់តំបន់ នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ(MRC) និងក្រុមការងារគណ:កម្មាធិការជាតិទន្លេមេគង្គ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងគឺ ដើម្បីពង្រឹងជំនាញ និងចំណេះដឹងមូលដ្ឋាន ជំនាញជាក់ស្តែង ក្នុងការប្រើប្រាស់បច្ចេកវិទ្យាភូមិសាស្ត្រ សម្រាប់ការកែលម្អរដំណើរការត្រួតពិនិត្យស្ថានភាពគ្រោះមហន្តរាយទឹកជំនន់ និងរៀបចំផែនការគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត។
សូមបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ(MRC)បានបង្កើតក្របខ័ណ្ឌគាំទ្រសេចក្តីសម្រេចចិត្ត(DSF) ក្នុងការបង្កើនការគ្រប់គ្រងធនធានទឹកក្នុងតំបន់ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលមានដូចជា ការតាមដានពិនិត្យព័ត៌មានជលសាស្ត្រ ការប្រែប្រួលរូបរាងទន្លេ អាងស្តុកទឹក ព័ត៌មានទិន្នន័យភូមិសាស្ត្របរិស្ថានសំខាន់ៗ ដោយបានយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព តាមរយៈការគាំទ្ររៀបចំវគ្គបណ្តុះបណ្តាលពង្រឹងចំណេះដឹង និងជំនាញឯកទេស ដល់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសសមាជិកមេគង្គ ក្នុងការត្រួតពិនិត្យតាមដានផលប៉ះពាល់គ្រោះទឹកជំនន់ និងរាំងស្ងួត ជាមួយការរួមបញ្ចូលការសិក្សាលើមូលដ្ឋានការប្រើប្រាស់ វិភាគ ផ្អែកលើរូបភាពពីផ្កាយរណប ដើម្បីស្វែងរកតាមរយៈការកំណត់ទីតាំង ការយល់ដឹងពេលវេលា គំនូសចំណុចផែនទីជាក់ស្តែង ទំហំផលប៉ះពាល់ពីគ្រោះធម្មជាតិ ដែលជាធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ការរៀបចំផែនការនាពេលខាងមុខ៕










