យោងលទ្ធផលកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានដឹកនាំប្រតិភូអន្តរក្រសួងជួបប្រជុំពិភាក្សា ជាមួយតំណាងអាជ្ញាធរខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងតំណាងសមាគមន៍សហគមន៍អភិរក្សបឹងពារាំង ខេត្តសៀមរាប ដើម្បីកសាងផែនការយុទ្ធសាស្ត្រពង្រឹងនិរន្តរភាពសហគមន៍តំបន់អភិរក្សបឹងពារាំង ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោកជាតំណាងមកពីក្រសួងទេសចរណ៍, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទ,ក្រសួងបរិស្ថាន គ្រឹះស្ថានអង្គរ រដ្ឋបាលជលផល, អភិបាលរងខេត្តសៀមរាប មន្ទីរ អង្គភាពជំនាញខេត្តពាក់ព័ន្ធ និងមន្ត្រីរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បី ៖
១. បន្តពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរបស់សហគមន៍ឱ្យបានច្បាស់លាស់ និងស្របតាមលិខិតបទដ្ឋានគតិយុត្ត
២. ពិភាក្សាលើការរៀបចំកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ធម្មជាតិវៃឆ្លាតក្នុងការពង្រឹងនិរន្តរភាពយន្តការដំណើរការការងារសហគមន៍តំបន់អភិរក្សជីវៈចម្រុះបឹងពារាំងក្នុងស្មារតីចូលរួមគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពតំបន់អេកូទេសចរណ៍ធម្មជាតិបឹងពារាំង និងការពារថែរក្សាធនធានធម្មជាតិដែនព្រៃលិចទឹក និងព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប៕
























