Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន ចុះ​ស្វែងយល់​ពី​ការគ្រប់គ្រង អភិរក្ស​ធនធាន​ជលផល​ក្នុង​តំបន់​អភិរក្ស​ជលផល​កំពង់​ភ្លុក ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​

​នា​ថ្ងៃ​សុក្រ ៤​កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន អង្គការ​អន្តរជាតិ និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប ចុះ​សិក្សា​ស្វែងយល់​ពី​ការគ្រប់គ្រង អភិរក្ស​ធនធាន​ជលផល​ក្នុង​តំបន់​អភិរក្ស​ជលផល​កំពង់​ភ្លុក ស្ថិតក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម បាន​ជម្រាបជូន​ប្រតិភូ និង​អង្គប្រជុំ​អំពី​បេសកកម្ម​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូន ក្នុងការ​យកចិត្តទុកដាក់​លើ​សារៈសំខាន់​នៃ​ធនធានធម្មជាតិ ជីវចម្រុះ និង​សក្តានុពល​ក្នុង​តំបន់​បឹង​ទន្លេសាប រួមជាមួយ​ការគំរាមកំហែង​នាពេល​បច្ចុប្បន្ន​បណ្តាលឱ្យ​ផល​ស្តុក​ធនធាន​ជលផល​ធ្លាក់ចុះ និង​ផលប៉ះពាល់​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​។ ជាមួយនេះដែរ ឯកឧត្តម ក៏បាន​លើក​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក្នុងការ​ការពារ ថែរក្សា និង​គ្រប់គ្រង​តំបន់​បឹង​ទន្លេសាប ជាពិសេស​ការលើក​យក​នូវ​អនុសាសន៍ និង​សេចក្តីអំពាវនាវ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី នា​រសៀល​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០២៤ ចំពោះ​វិធាន​ការចូលរួម​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក ចូលរួម​ថែរក្សា និង​ការពារ​បឹង​ទន្លេសាប គឺជា​ការចូល​រួមរក្សា​ធនធាន​ជលផល និង​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​សន្តិសុខ​ទឹក​សម្រាប់​ការប្រើប្រាស់ និង​ស្រោចស្រព ព្រមទាំង​រក្សាបាន​នូវ​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​។

​ការចុះ​សិក្សា​ស្វែងយល់​នៅ​តំបន់​អភិរក្ស​ជលផល​កំពង់​ភ្លុក​នេះ​ជា​បេសកកម្ម​លើក​ទី ៣ របស់​ក្រុម​ប្រតិភូ​អន្តរក្រសួង និង​អង្គការ​អន្តរជាតិ ក្នុង​តំបន់​បឹង​ទន្លេសាប ដែល​តំបន់​អភិរក្ស​ជលផល​កំពង់​ភ្លុក​នេះ បាន​បង្កើតឡើង​ក្នុងសម័យ​អាណានិគម​បារាំង និង​មានការ​ប្រកាស​ទទួលស្គាល់​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ឆ្នាំ​១៩៨៩ មាន​ផ្ទៃដី ៦.៤០០​ហិកតា និង​មាន​បង្គោល​ការពារ​ចំនួន​២០​បង្គោល ហេ​ី​យ​ជា​តំបន់​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុងចំណោម​តំបន់​អភិរក្ស​ទាំង ៤ កន្លែង ក្នុង​ខេត្តសៀមរាប ដែល​ស្ថិតនៅក្នុង​បឹង​ទន្លេសាប​។ តំបន់​អភិរក្ស​ជលផល​នេះ មាន​លក្ខណៈ​សមស្រប​ស​ម្រា​ប់​ជា​កន្លែង​ជួយ​ថែរក្សា​ពូជ​មច្ឆា​ជាតិ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ដើម្បី​ជួយ​បង្កើន​បរិមាណ​ផល​ស្តុក​ជលផល ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​។

​ការចុះ​សិក្សា​ស្វែងយល់​នេះដែរ មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោក លោកស្រី មកពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួងមហាផ្ទៃ​, ក្រសួង​អភិវឌ្ឍន៍ជនបទ​, ក្រសួងបរិស្ថាន​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, រដ្ឋបាល​ជលផល​, គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​, តំណាង​ស្ថានទូត​អូស្ត្រាលី អង្គការ​អភិរក្ស​ទឹក​អន្តរជាតិ (CI) ធនាគារពិភពលោក​, ឯកឧត្តម​អភិបាលរង​ខេត្ត មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្តសៀមរាប កងកម្លាំង​ទាំង​៣​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង ឃុំ​កំពង់​ភ្លុក ខណ្ឌ​ជលផល​-​ផ្នែក​ជលផល​-​សង្កាត់​ជលផល​កំពង់​ភ្លុក​សហគមន៍​នេសាទ រួម​នឹង​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប សរុប​ចំនួន ៧៨​នាក់​។
​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​តំបន់​អភិរក្ស​ក្នុង​តំបន់​ទន្លេសាប កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០២៤ អាជ្ញាធរ​ទន្លេសាប បានចេញ​លិខិត​ជម្រាប​ជូនទៅ ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​) ចូលរួម​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​ក្នុងការ​ចាត់វិធានការ​ការពារ និង​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​២០២៤ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ធានាបាន​នូវ​ភាពសម្បូរ​នៃ​ធនធាន​ជលផល ជាពិសេស​ប្រភេទ​ត្រី​កម្រ និង​ជិត​ផុត​ពូជ​អាចមាន​ទីជម្រក និង​សម្រេចបាន​នូវ​ការថែរក្សា និង​បង្កើន​ផល​ស្តុក​សម្រាប់​ប្រើប្រាស់​យូរអង្វែង ព្រមទាំង​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ និង​ធានាបាន​នូវ​ប្រភព​ប្រូ​តេ​អ៉ី​ន និង​ជីវភាព​សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​៕

ព័ត៌មាន និងព្រឹត្តិការណ៍