នាថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ស្ថាប័ន អង្គការអន្តរជាតិ និងមន្ត្រីក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ចុះសិក្សាស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផលក្នុងតំបន់អភិរក្សជលផល ២ស្ទួន ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានជម្រាបជូនប្រតិភូ និងអង្គប្រជុំអំពីបេសកកម្មការងាររបស់អាជ្ញាធរទន្លេសាប ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ក្នុងការយកចិត្តទុកដាក់លើសារៈសំខាន់នៃធនធានធម្មជាតិ ជីវចម្រុះ និងសក្តានុពលក្នុងតំបន់បឹងទន្លេសាប រួមជាមួយការគំរាមគំហែងនាពេលបច្ចុប្បន្នបណ្តាលឱ្យផលស្តុកធនធានជលផលធ្លាក់ចុះ និងផលប៉ះពាល់មកលើប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។ ជាមួយនេះដែរ ឯកឧត្តម ក៏បានលើកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារ ថែរក្សា និងគ្រប់គ្រងតំបន់បឹងទន្លេសាប ជាពិសេសការលើកយកនូវអនុសាសន៍ និងសេចក្តីអំពាវនាវដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ ចំពោះវិធានការចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក ចូលរួមថែរក្សា និងការពារបឹងទន្លេសាប គឺជាការចូលរួមរក្សាធនធានជលផល និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រព ព្រមទាំងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។
ការចុះសិក្សាស្វែងយល់នៅតំបន់អភិរក្សជលផល២ស្ទួននេះជាបេសកកម្មលើកទី២ របស់ក្រុមប្រតិភូអន្តរក្រសួង និងអង្គការអន្តរជាតិ ក្នុងតំបន់បឹងទន្លេសាប ដែលតំបន់អភិរក្សជលផល២ស្ទួននេះ បានបង្កើតឡើងក្នុងសម័យអាណានិគមបារាំងឆ្នាំ១៩៥៨ ជាតំបន់ដ៏មានសារៈសំខាន់មួយក្នុងចំណោមតំបន់អភិរក្សទាំង ៤កន្លែង ក្នុងខេត្តកំពង់ធំ ដែលស្ថិតនៅក្នុងបឹងតូចនៃបឹងទន្លេសាប។ តំបន់អភិរក្សជលផលនេះ មានលក្ខណៈសមស្របសម្រាប់ជាកន្លែងជួយថែរក្សាពូជមច្ឆាជាតិ និងជីវចម្រុះគ្រប់ប្រភេទដើម្បីជួយបង្កើនបរិមាណផលស្តុកជលផល ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។
សូមជម្រាបថាៈ ការចុះសិក្សាស្វែងយល់នេះ មានមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាតំណាងក្រសួងធនធនទឹក និងឧតុនិយម, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងមហាផ្ទៃ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា, អង្គការអភិរក្សអន្តរជាតិ (CI), ឯកឧត្តមអភិបាលរងខេត្ត មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តកំពង់ធំ កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋានស្រុកកំពង់ស្វាយ ឃុំផាត់សណ្តាយ ខណ្ឌជលផល-ផ្នែកជលផល-សង្កាត់ជលផលផាត់សណ្តាយ សហគមន៍នេសាទផាត់សណ្តាយ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប សរុបចំនួន ៦០នាក់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរទន្លេសាប បានចេញលិខិតជម្រាបជូនទៅ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ) ចូលរួមអនុវត្តដោយម៉ឹងម៉ាត់ក្នុងការចាត់វិធានការការពារ និងទប់ស្កាត់បទល្មើសនេសាទក្នុងរដូវបិទនេសាទឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដើម្បីធានាបាននូវភាពសម្បូរនៃធនធានជលផល ជាពិសេសប្រភេទត្រីកម្រ និងជិតផុតពូជអាចមានទីជម្រក និងសម្រេចបាននូវការថែរក្សា និងបង្កើនផលស្តុកសម្រាប់ប្រើប្រាស់យូរអង្វែង ព្រមទាំងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជានេសាទ និងធានាបាននូវប្រភពប្រូតេអ៉ីន និងជីវភាពសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយៗ៕













