Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ប្រជុំពិភាក្សា​ស្វែងរក​ដំណោះស្រាយ​វិវាទ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​២ និង​លើកកម្ពស់​និរន្តរភាព​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង​ស្ថិតក្នុង​ដែន​ការពារ​ព្រៃ​លិច​ទឹក (​តំបន់​៣) ជាប់​បឹង​ទន្លេសាប​

ដោយ​អនុវត្តន៍​តាម​ស្មារតី​លិខិត​លេខ ២០៥ សជណ​.​កធ ចុះ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ចន្ទ ៥​កើត ដល់​ថ្ងៃ​អង្គារ ៦​កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣-៤ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​នឹង លោក ហែ​ន ពុ​ទ្ធី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជាមួយនឹង​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ មន្ទីរជំនាញ​ថ្នាក់​ខេត្ត ថ្នាក់មូលដ្ឋាន​នៃ​រដ្ឋបាល​ក្រុង​សៀមរាប និង​សហគមន៍​ក្នុង​តំបន់​បឹង​ពារាំង លើ​ករណី (i) រំលោភបំពាន​ខ្លឹមសារ​អនុក្រឹត្យ​លេខ ៨៣ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៣ របស់​រាជរដ្ឋាភិបាល ក្នុង​សកម្មភាព​ឈួ​ស​ឆាយ​ព្រៃ​លិច​ទឹក (​តំបន់​២) នៃ​តំបន់ទ្រនាប់ (ii) ការជីក​ប្រឡាយ និង​លើក​ផ្លូវ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង​នៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់​៣ និង​(iii) ការលើកកម្ពស់​និរន្តរភាព​អេកូ​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង​ក្នុង​តំបន់​ការពារ​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) នៃ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។​
​សូម​ជម្រាប​ផងដែរ​ថា មុននឹង​ដំណើរការ​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​ស្វែងរក​ដំណោះស្រាយ ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ក៏បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​ស្ថាប័ន ចុះទៅពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ក្នុង​ទីតាំង​ទាំងពីរ រួមមាន ទីតាំង​ដី​ទំហំ ៧៧.០៣ ហិកតា (​តំបន់​២) ត្រូវបាន​ទទួលរង​ការ​ឈួ​ស​ឆាយ​ព្រៃ​លិច​ទឹក និង​ទីតាំង​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង​ស្ថិតក្នុង​ដែន​ការពារ​ព្រៃ​លិច​ទឹក (​តំបន់​៣)​។​
​ជារួម​លទ្ធផល​នៃ​កិច្ចប្រជុំ​រយៈពេល ២​ថ្ងៃ បន្ទាប់ពី​ធ្វើការ​ពិភាក្សា​ពិគ្រោះ​យោបល់​គ្នា​រវាង​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ដោយ​ឈរលើ​ស្មារតី​យកចិត្តទុកដាក់ និង​មនសិការ​ចូលរួម​ថែរក្សា​ការពារ​ធនធានធម្មជាតិ រក្សា​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប និង​លើកកម្ពស់​និរន្តរភាព​អេកូ​ទេសចរណ៍ធម្មជាតិ ស្រប​ជាមួយនឹង​របៀង​សេដ្ឋកិច្ច​ឧស្សាហកម្ម​គ្មាន​ផ្សែង​ខេត្តសៀមរាប អង្គប្រជុំ​ពិភាក្សា បាន​ឯកភាព និង​យល់ស្រប​:
​ទី​១. ក្រុមការងារ​ថ្នាក់​ខេត្ត ជាពិសេស​អាជ្ញាធរខេត្ត​សៀមរាប និង​អាជ្ញាធរ​ក្រុង​សៀមរាប ពិនិត្យ​លទ្ធភាព​សម្របសម្រួល និង​ជម្រុញ​បង្កើតឱ្យមាន​យន្តការ​រចនាសម្ព័ន្ធ​សហគមន៍​ត្រឹមត្រូវ ក្នុង​ស្មារតី​ទទួលខុសត្រូវ តម្លាភាព និង​គណនេយ្យភាព​
​ទី​២. អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​ក្រុង​សៀមរាប ត្រូវ​ចាត់វិធានការ និង​រៀបចំ​នីតិវិធី ឃាត់ និង​បញ្ឈប់​រាល់​សកម្មភាព ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ធនធានធម្មជាតិ ព្រៃ​លិច​ទឹក និង​ជីវចម្រុះ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង ក៏ដូចជា​សកម្មភាព​លើដី​ទំហំ ៧៧.០៣ ហិកតា ដែល​ស្ថិតក្នុង​នីតិវិធី​ស៊ើបអង្កេត កំពុងដំណើរការ
​ទី​៣. សហគមន៍​បន្តដំណើរ​ការ​ការងារ​ក្នុង​សកម្មភាព​ការពារ​ទប់ស្កាត់​បទល្មើស​នានា និង​និរន្តរភាព​ការទាក់ទាញ​ភ្ញៀវទេសចរ​មក​កំសាន្ត​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង​
​ទី​៤. ជំរុញ​យន្តការ​រៀបចំ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ដើម្បី​ពង្រឹង​ការយកចិត្តទុកដាក់ និង​ចូលរួម​គាំទ្រ​ដំណើរការ​របស់​សហគម​ន៍ ក្នុងការ​លើកកម្ពស់​និរន្តរភាព​អេកូ​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង​ក្នុង​តំបន់​ការពារ​តាមរយៈ (១) កសាង​សមត្ថភាព​ធនធានមនុស្ស​ក្នុង​សហគមន៍ (២) រៀបចំ​ផែនការ​អភិវឌ្ឍ និង​គ្រប់គ្រង​អេកូ​ទេសចរ​ធម្មជាតិ​ក្នុង​តំបន់​ការពារ​បឹង​ពារាំង (៣) ផែនការអាជីវកម្ម​អេកូ​ទេសចរ​ធម្មជាតិ​បឹង​ពារាំង​ក្នុង​តំបន់​ការពារ ដើម្បី​ស្វែងរក​ថវិកា​គាំទ្រ និង (៤) តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ប្រសិទ្ធភាព​ការងារ​សហគមន៍ ក៏ដូចជា​និរន្តរភាព​វឌ្ឍនភាព​ដំណើរការ​អេកូ​ទេសចរណ៍ធម្មជាតិ​ក្នុង​តំបន់​ការពារ​បឹង​ពារាំង​៕

ព័ត៌មាន និងព្រឹត្តិការណ៍