Saturday, March 7, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​បែបបទ​នីតិវិធី​ច្បាប់​ក្នុង​ការផ្ទេរ​លេខាធិការ​ដ្ឋា​ន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប និង​លេខាធិការ​ពី គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា

​នា​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​០៣ ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​ទទួលបាន​ការចាត់តាំង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អមដោយ​ថ្នាក់ដឹកនាំ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​បែបបទ​នីតិវិធី​ច្បាប់ ក្នុង​ការផ្ទេរ​លេខាធិកា​រដ្ឋា​ន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប និង​លេខាធិការ​ពី គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ឱ្យទៅ​ស្ថិតនៅក្នុង​រចនាសម្ព័ន្ធ និង​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​ទន្លេសាប ស្របតាម​សេចក្តីជូនដំណឹង​របស់​រាជរដ្ឋាភិបាល លេខ​: ៧៨០​សជណ​-​កប​ច ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ ក្រោម​ការរៀបចំ និង​សម្របសម្រួល​របស់ គណៈកម្មាធិការ​ក្រុមប្រឹក្សា​អ្នកច្បាប់ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។ កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​មុខងារសាធារណៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គណៈកម្មការ​ភាសាវិទ្យា​ខ្មែរ ។​
​សូមបញ្ជាក់ថា ការផ្ទេរ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មក​ស្ថិតក្រោម​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​អាជ្ញាធរ​ទន្លេសាប ត្រូវ​បានទទួល​ការឯកភាព​គ្នា តាមរយៈ​ការប្រជុំ​ពិនិត្យ និង​ពិភាក្សា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនលើក​មកហើយ ក្នុងនោះ​រួមមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជាពិសេស​ការដឹកនាំ និង​សម្របសម្រួល​កិច្ចប្រជុំ​អន្តរក្រសួង​ពាក់ព័ន្ធ​ដោយ គណៈកម្មាធិការ​ក្រុមប្រឹក្សា​អ្នកច្បាប់ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២៤ ។​
​សូមជម្រាបថា បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់ និង​មានការ​ចូលរួម​មតិយោបល់​ពី​តំណាង​ក្រសួង​ស្ថាប័ន អង្គប្រជុំ​បានសម្រេច ដូចខាងក្រោម​៖
១- ដោយ​អនុលោម​តាម​អនុក្រឹត្យ​លេខ ១១៤ អនក្រ​.​បក ចុះ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ ២០១៥ អាជ្ញាធរ​ទន្លេសាប ត្រូវ​ប្រជុំពិភាក្សា​ពាក់ព័ន្ធ​នឹង​រចនាសម្ព័ន្ធ និង​វិភាគ​មុខងារ​ជាមួយ​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
២- គណៈកម្មាធិការ​ក្រុមប្រឹក្សា​អ្នកច្បាប់ ឯកភាព​ខ្លឹមសារ​នៃ​ការរៀបចំ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ក្នុង​ការផ្ទេរ​លេខាធិកា​រដ្ឋា​ន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប និង​លេខាធិការ​ពី គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ឱ្យទៅ​ស្ថិតនៅក្នុង​រចនាសម្ព័ន្ធ និង​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​ទន្លេសាប ដោយ​រង់ចាំ​ការប្រជុំ​សម្រេច​ជាមួយ​ក្រសួង​មុខងារសាធារណៈ​៕

ព័ត៌មាន និងព្រឹត្តិការណ៍