ដោយទទួលបានភារកិច្ចដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្តនីតិវិធីក្នុងការកែសម្រួលសមាគម សហគមន៍តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ, លោកអភិបាលរងខេត្តសៀមរាប និងមន្ត្រីរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប។
សូមជម្រាបជូនថា យោងតាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនៅអាជ្ញាធរទន្លេសាប ក្រុមការងារអន្តរក្រសួង បានឯកភាពគ្នាបន្តនីតិវិធីក្នុងការកែសម្រួលសមាគម សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងទៅជាសហគមន៍ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ ពង្រឹងការគ្រប់គ្រងតំបន់អភិរក្សជីវចម្រុះបឹងពារាំងឱ្យមានប្រសិទ្ធិភាព ធ្វើជាគំរូសម្រាប់សហគមន៍នានា នៅតាមបណ្តាខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ស្របតាមលក្ខន្តិក:សហគមន៍ និងស្មារតីលិខិតលេខ ២០៥ សជណ.កធ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណ:រដ្ឋមន្ត្រី ៕













