នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារពិនិត្យ ការវាយតម្លៃការដំឡើងថ្នាក់ និងដំឡើងឋានន្តរសក្តិជូនមន្ត្រីរាជការអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃនាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ។
កិច្ចប្រជុំនេះ ក្នុងគោលបំណងសំខាន់ដើម្បីពិនិត្យ៖ ១. តារាងបញ្ជីរាយនាមមន្ត្រីស្នើសុំដំឡើងថ្នាក់ និងឋានន្តរសក្តិតាមវេន និងអតីតភាពការងារប្រចាំឆ្នាំ២០២៦ ចំនួន ២២រូប, ២. វាយតម្លៃលើបុគ្គលិកលក្ខណៈសម្បត្តិ គុណតម្លៃ ប្រសិទ្ធភាពការងារ សីលធម៌ ស្មារតីទទួលខុសត្រូវ គំនិតផ្តួចផ្តើម ច្នៃប្រឌិត និងគិតផលប្រយោជន៍រួម។
សូមបញ្ជាក់ជូនផងដែរថា អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានការរៀបចំកិច្ចប្រជុំវាយតម្លៃនេះ ជាប្រចាំរៀងរាល់មួយឆ្នាំម្តង និងអនុលោមតាមច្បាប់ បទប្បញ្ញត្តិនានារបស់ក្រសួងមុខងារសាធារណៈ ដូចជាលិខិតលេខ ៥៧៤៧ មស.ត្ររ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីនីតិវិធីក្នុងការបំពេញបែបបទមួយចំនួនលើការដំឡើងឋានន្តរសក្តិ ថ្នាក់ប្រចាំឆ្នាំ ឋានន្តរសក្តិ ថ្នាក់កិត្តិយស និងដំឡើងឋានន្តរសក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការ៕











