Saturday, March 7, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ចូលរួម​ជា​វាគ្មិន​កិត្តិយស ក្នុង​វេទិកា​ពិភាក្សា​ស្តីពី​អាកាសធាតុ​កាន់តែ​ក្តៅ និង​ស្ងួត​នៅលើ​ទ្វីប ផ្តោតលើ ផលប៉ះពាល់ និង​ជម្រើស​ដំណោះស្រាយ​សម្រាប់​ប្រទេស​កម្ពុជា​«Continental Drying: Implications and Options for Cambodia» ដែល​រៀបចំ​ដោយ​ធនាគារពិភពលោក (World Bank)

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១០​រោច ខែ​មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប តាម​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​ពិភាក្សា​ក្នុង​សិក្ខាសាលា​ស្តីពី អាកាសធាតុ​កាន់តែ​ក្តៅ និង​ស្ងួត​នៅលើ​ទ្វីប ផ្តោតលើ ផលប៉ះពាល់ និង​ជម្រើស​ដំណោះស្រាយ​សម្រាប់​ប្រទេស​កម្ពុជា «Continental Drying: Implications and Options for Cambodia» ដោយមាន​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា រួមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការក្រៅរដ្ឋាភិបាល​ទាក់ទង​នឹង​វិស័យ​ធនធានទឹក​។
​គោលបំណង​នៃ​កិច្ចពិភាក្សា​ក្នុង​សិក្ខាសាលា​នេះ​គឺ​:

  • ផ្សព្វផ្សាយ​លទ្ធផល នៃ​របាយការណ៍​សកល​ស្តីពី​ការថយចុះ​បរិមាណ​ធនធានទឹក
  • បង្កើត​វេទិកា​ពិភាក្សា បង្កើន​ការយល់ដឹង​ប្រមូល​ធាតុ​ចូល​បន្ថែម​អំពី​គ្រោះរាំងស្ងួត និង​ការប្រែប្រួល​អាកាសធាតុ
  • ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានាបាន​សន្តិសុខ​ទឹក​សម្រាប់​ប្រទេស​កម្ពុជា​។​
    ​ក្នុង​សិក្ខាសាលា​នេះ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ចូលរួម​ជា​វាគ្មិន​កិត្តិយស ក្នុង​វេទិកា​កិច្ចពិភាក្សា​រួម ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ចែករំលែក​ទ​ស្សនៈ​វិស័យ ព័ត៌មាន និង​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង​តំបន់​អាង​ទន្លេសាប និង​បឹង​ទន្លេសាប​នាពេល​បច្ចុប្បន្ន តាមរយៈ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង មធ្យម និង​ខ្លី​។ អាជ្ញាធរ​ទន្លេសាប​បាន និង​កំពុង​រៀបចំ របាយការណ៍​លម្អិត​ពី​អាង​ទន្លេសាប Tonle Sap State of Basin Report ជាមួយ​ធនាគា​ពិភពលោក ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ជីវចម្រុះ​ប្រកបដោយ​ប្រសិទ្ធភាព ដែល​អាចឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ ឯកឧត្តម​បាន​គូសបញ្ជាក់ ពី​ការងារ​ចំពោះមុខ​ដែល​អាជ្ញាធរ​ទន្លេសាប​បាន រៀបចំ​ផែនការមេ​ក្នុង​ការដាំ​ស្តារ​ព្រៃ​លិច​ឡើងវិញ​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប ដើម្បី​រក្សាបាន​នូវ​តុល្យភាព និង​ផលប៉ះពាល់​ដល់​ជីវចម្រុះ​គ្រប់​ប្រភេទ​នៃ​បឹង​ទន្លេសាប​។​
    ​បឹង​ទន្លេសាប ជា​ប្រភព​នៃ​ជីវចម្រុះ​ច្រើន​សម្បូរបែប និង​ជា​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប​ដ៏​សំខាន់​នៅ​អាស៊ីអាគ្នេយ៍ កំពុងតែ​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ពី​កត្តា​មួយចំនួន​ដូចជា ១.​បរិមាណ និង​រយៈពេល​ទឹក​ស្តុក​ក្នុង​អាង​មានការ​ធ្លាក់ចុះ ២.​ការកើនឡើង​នៃ​តម្រូវការ​ទឹក​ស្រោចស្រព ៣.​ប្រសិទ្ធភាព​ការប្រើប្រាស់​ទឹក និង​គុណភាព​ទឹក ៤. ហានិភ័យ​ដោយ​ការថយចុះ​នូវ​ជីវចម្រុះ និង​កម្រិតជីវភាពរ​ស់​នៅ​របស់​ប្រជាជន​៕

ព័ត៌មាន និងព្រឹត្តិការណ៍