Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន ប្រជុំពិភាក្សា​បច្ចេកទេស​អន្តរក្រសួង​លើ​របាយការណ៍​បច្ចុប្បន្ន​ភាព​ស្តីពី ការកំណត់​តំបន់​ការពារ និង​អភិវឌ្ឍន៍​ប្រភពទឹក​បឹង​ទន្លេសាប សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​ក្រុង​សៀមរាប និង​តំបន់​ជុំវិញ ខេត្តសៀមរាប​

​នា​ថ្ងៃ​អង្គារ ៣​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្ត្រី​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប និង​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប ប្រជុំពិភាក្សា​លើ​របាយការណ៍​បច្ចុប្បន្ន​ភាព​ស្តីពី​ការកំណត់​តំបន់​ការពារ និង​អភិវឌ្ឍន៍​ប្រភពទឹក ស្ថិតនៅក្នុង​អាង នៃ​បឹង​ទន្លេសាប សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​ក្រុង​សៀមរាប និង​តំបន់​ជុំវិញ ខេត្តសៀមរាប​។​
​អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​បច្ចេកទេស​លម្អិត​ជាមួយ​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប និង​មន្ត្រី​បច្ចេកទេស​អង្គភាព​ជំនាញ​ពាក់ព័ន្ធ លើ​របាយការណ៍​បច្ចុប្បន្ន​ភាព​របស់​រដ្ឋាករទឹក និង​បានគិត​គូរ​ដល់​ផលប៉ះពាល់ ដែល​អាច​កើតមាន​ដោយសារ​ការកំណត់​ទីតាំង និង​ទំហំ​តំបន់​ការពារ និង​អភិវឌ្ឍន៍​ប្រភពទឹក និង​ពិនិត្យ​អំពី​ប្រភព​បំពុល​គុណភាព​ទឹក ផលប៉ះពាល់​លម្ហ​នេសាទ​សាធារណៈ និង​ចរាចរណ៍​ឆ្លងកាត់​។​
​សូម​ជម្រាបជូន​ថា យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា (​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​) ក្នុងនោះ​តម្រូវការ​ក្នុងការ​ប្រើប្រាស់​ទឹក​លើ​គ្រប់​វិស័យ​ដែល​បឹង​ទន្លេសាប​មាន​តួនាទី​សំខាន់ រួមជាមួយ​បណ្តា​ដៃ​អាង​ស្ទឹង​ទាំង ១១ នៅ​ជុំវិញ​បឹង​ទន្លេសាប ជាពិសេស​តម្រូវការ​លើ​ផ្នែក​កសិកម្ម និង​ការផ្គត់ផ្គង់​ទឹកស្អាត ព្រមទាំង​បានគិត​គូរ​ពី​បញ្ហា​ប្រឈម​នានា​មកលើ​បឹង​ទន្លេសាប​ក្នុងពេល​បច្ចុប្បន្ន រួមទាំង​កត្តា​ប្រែប្រួល​អាកាសធាតុ​នាពេល​អនាគត​ផងដែរ​។
​អង្គ​ប្រជុំបាន​ឯកភាពគ្នា​ជាគោលការណ៍​កម្រិត​បច្ចេកទេស​ឈានទៅដល់​ការរៀបចំ​សេចក្តីព្រៀង​កំណត់​តំបន់​ការពារ​ប្រភពទឹក និង​ស្នើឱ្យ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប ធ្វើការ​វិភាគ​គុណភាព​ទឹក​អណ្តូង​ដែល​នៅ​ជិត​ស្ថានីយ​បូមទឹក​ឆៅ​បឹង​ទន្លេសាប​លើ​ប៉ារ៉ាម៉ែត្រ​សំខាន់ៗ និង​រៀបចំ​ជា​របាយការណ៍ និង​បែបបទ​បច្ចេកទេស​ជា​ជម្រើស​ជូន​ថ្នាក់ដឹកនាំ និង​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​៕

ព័ត៌មាន និងព្រឹត្តិការណ៍