នាថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអនុវត្តគម្រោងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង
ដើម្បីបន្តចុះត្រួតពិនិត្យ និងជួសជុលថែទាំស្ថានីយជលសាស្ត្រ និងឧតុនិយមស្វ័យប្រវត្តិ ចំនួន ៥ទីតាំង ក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកំពង់ធំ រួមមាន:
១. ពិនិត្យ និងសិក្សាជ្រើសរើសទីតាំង ដើម្បីតំឡើងស្ថានីយជលសាស្ត្រ និងឧតុនិយមឡើងវិញ ចំណុចស្ពានបាក់ត្រកួន ស្ទឹងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ដែលបានប៉ះពាល់ដោយការសាងសង់ស្ពានបេតុង
២. ថែទាំ សម្អាតព្រៃ និងជីករណ្តៅនាំទឹកចូលស្ថានីយជលសាស្ត្រ (H.R) ចំណុចស្ពាន ច្រាំងចោត (ស្ទឹងសង្កែ) ស្រុកបាណន់
៣. ជួសជុល និងថែទាំស្ថានីយឧតុនិយម (AWS) ចំណុចបឹងទន្លេឆ្មារ ឃុំពាមបាង ស្រុកស្ទោង
៤. សិក្សាវាយតម្លៃ លើកសំណើគម្រោងផ្លាស់ប្តូរទីតាំងស្ថានីយជលសាស្ត្រ និងឧតុនិយម (H.R, AWS) ចំណុចឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
សូមបញ្ជាក់ជូនថា កន្លងមកអាជ្ញាធរទន្លេសាបបានតំឡើងស្ថានីយជលសាស្ត្រ និងឧតុនិយមដោយស្វ័យប្រវត្តិ ចំនួន ១១ស្ថានីយ លើ៨ទីតាំង ដែលទទួលបានពីគម្រោងកិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រ និងស្វ័យប្រវត្តិកម្មការអភិរក្សទឹកណានជីង (មេគង្គ-ឡាងឆាង) នៃក្រសួងធនធានទឹកចិន ក្រោមគម្រោងសាកល្បងនៃការអង្កេតទិន្នន័យជលសាស្ត្រ និងបច្ចេកវិទ្យាបញ្ចូនស្វ័យប្រវត្តិ តំបន់អាងទន្លេសាប ឆ្នាំ២០២១ -២០២២៕


















