នាថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ជា សុខនី អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស នាយកដ្ឋានធនធានធម្មជាតិអាជ្ញាធរទន្លេសាប ចុះសិក្សាពិនិត្យ តាមដាន និងវាយតម្លៃលើស្ថានភាពផលប៉ះពាល់ដោយសារទឹកជំនន់អាងស្ទឹងពោធិ៍សាត់ ដោយមានកិច្ចសហការចូលរួមពីមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់។
ការចុះសិក្សានេះក្នុងគោលបំណង៖
១. ចុះពិនិត្យ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៃទឹកជន់លិចនៅផ្នែកខាងក្រោមផ្លូវជាតិលេខ ៥ រហូតដល់ទំនាបលិចទឹកនៃតំបន់បឹងទន្លេសាប (តំបន់ ១ តំបន់ ២ និងតំបន់ ៣)
២. ចុះសិក្សា និងពិនិត្យលើស្ថានភាពទូទៅនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធទាំងនៅផ្នែកខាងលើ និងខាងក្រោមផ្លូវជាតិលេខ ៥
៣. សិក្សាស្វែងយល់បន្ថែមពីមូលហេតុដែលបង្កផលប៉ះពាល់ដោយសារទឹកជន់លិចស្ថិតនៅក្នុងតំបន់ទំនាបលិចទឹក នៃក្រុងពោធិ៍សាត់ និងតំបន់ជុំវិញក្រុងពោធិ៍សាត់៕


















