(ភ្នំពេញ)៖ នាថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអាជ្ញាធរទន្លេសាប សហការជាមួយសារព័ត៌មាន FRESH NEWS ឯកឧត្តម ជា សុខនី អគ្គលេខាធិការអាជ្ញាធរទន្លេសាប ដឹកនាំក្រុមការងារអាជ្ញាធរទន្លេសាប ប្រមូលព័ត៌មានពីការយល់ដឹងពីបឹងទន្លេសាប និងសារ:ផលប្រយោជន៍ពីធនធានធម្មជាតិបឹងទន្លេសាប របស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត ដូចជាខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។
សូមជម្រាបជូនថា ការចុះប្រមូលព័ត៌មាននេះ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងផលិតវីដែអូបទយកការណ៍ ស្តីពីការយល់ដឹងពីបឹងទន្លេសាប និងសារៈប្រយោជន៍ធនធានធម្មជាតិនៅក្នុងបឹងទន្លេសាប។
ជាលទ្ធផល ការចុះប្រមូលព័ត៌មាននេះដែរ ក្រុមការងារបានជួបសម្ភាសន៍ជាមួយអាជីវករលក់ដូរ ប្រជាពលរដ្ឋ អាជ្ញាធរដែនដី ប្រជាសហគមន៍ លោកគ្រូ អ្នគគ្រូ និងសិស្សានុសិស្ស ។
គួរបញ្ជាក់ផងដែរ គួរបញ្ជាក់ដែរថា ដើម្បីលើកកម្ពស់និងជំរុញប្រសិទ្ធភាពការអភិរក្សធនធានធម្មជាតិនៅបឹងទន្លេសាប រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតអាជ្ញាធរអាងទន្លេសាប ហើយតាមរយៈកំណែទម្រង់នេះ «អាជ្ញាធរទន្លេសាប» ក៏ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត /០៦០៩/៧០៥ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ ដែលជាអង្គភាពថ្នាក់ជាតិមួយ ជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួល គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងទន្លេសាបប្រកបដោយចីរភាព និងដើរតួនាទីជាអង្គភាពសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពីសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច និងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាបនិងតំបន់ពាក់ព័ន្ធ ហើយក៏ជាអង្គភាពរៀបចំបង្កើតឡើងនូវផែនទីបង្ហាញផ្លូវ ទស្សនវិស័យ គោលនយោបាយ យុទ្ធសាស្ត្រជូនរាជរដ្ឋាភិបាល។ លើសពីនេះ អាជ្ញាធរទន្លេសាបក៏មានភារកិច្ចក្នុងការតាមដាន ត្រួតពិនិត្យ ធ្វើអធិការកិច្ចដែនព្រៃលិចទឹកនិងព្រៃលិចទឹក ដែលបានកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១ កំណត់ដែនព្រៃលិចទឹកចំនួន ៦៤៧.៤០៦ ស្ថិតនៅក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ។ បន្ថែមពីនេះ អាជ្ញាធរទន្លេសាប បានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធក្នុងការបោះបង្គោលកំណត់ព្រំតំបន់៣នៃព្រៃលិចទឹក និងដែនព្រៃលិចទឹកនៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប ៕











