Saturday, March 7, 2026

ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​បឹង​ទន្លេសាប និង​សារ​:​ប្រយោជន៍​ពី​ធនធានធម្មជាតិ​បឹង​ទន្លេសាប

​នា​ថ្ងៃ​សុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២៤ ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​សារព័ត៌មាន FRESH NEWS ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​ប្រមូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​ផ្សព្វផ្សាយ​ពី​សារៈប្រយោជន៍​នៃ​ធនធានធម្មជាតិ​បឹង​ទន្លេសាប នៅតាម​ខេត្ត​គោលដៅ​ចំនួន​៤ ដូចជា ខេត្តកំពង់ចាម កំពង់ធំ ព្រះវិហារ និង​ខេត្តសៀមរាប​។​

​សូម​ជម្រាបជូន​ថា ការចុះ​ប្រមូល​ព័ត៌មាន​នេះ ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ និង​ផលិត​វី​ដែ​អូ​បទ​យកការណ៍ ស្តីពី​ការយល់ដឹង​ពី​បឹង​ទន្លេសាប និង​សារៈប្រយោជន៍​ធនធានធម្មជាតិ​នៅក្នុង​បឹង​ទន្លេសាប​ព្រមទាំង​បំផុសស្មារតី​ស្រឡាញ់ ការពារ អភិរក្ស​ធនធានធម្មជាតិ​នៅ​បឹង​ទន្លេសាប ទៅកាន់​ប្រជាពលរដ្ឋ​។​

​ជា​លទ្ធផល ការចុះ​ប្រមូល​ព័ត៌មាន​ពី​ការយល់ដឹង និង​ការផ្សព្វផ្សាយ​យល់ដឹង​ពី​សារៈសំខាន់​បឹង​ទន្លេសាប​ផងដែរ ក្រុមការងារ​បាន​ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ​មូលដ្ឋាន ប្រជា​សហគមន៍​នេសាទ ក្រុមគ្រូពេទ្យ សមត្ថកិច្ច អាជីវករ​លក់ដូរ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ដែល​ពួកគាត់​សុទ្ធតែ​លើកឡើង​នូវ​ការគាំទ្រ​កិច្ចការពារ​ធនធានធម្មជាតិ​បឹង​ទន្លេសាប ព្រៃ​លិច​ទឹក មច្ឆជាតិ សត្វ​ស្លាប និង​ជីវចម្រុះ​ផ្សេងៗ​ទៀត​ឱ្យ​បន្ត​នៅ​គង់វង្ស និង​កាន់តែ​សម្បូរបែប​ច្រើនជាង​នេះ​។​

​គួរបញ្ជាក់​ផងដែរ ដើម្បី​លើកកម្ពស់ និង​ជំរុញ​ប្រសិទ្ធភាព​ដំណើរការ​ការងារ​គំនិត​ផ្តួចផ្តើម​បឹង​ទន្លេសាប រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​អាជ្ញាធរ​អាង​ទន្លេសាប និង តាមរយៈ​កំណែទម្រង់​នេះ «​អាជ្ញាធរ​ទន្លេសាប​» ក៏​ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត /០៦០៩/៧០៥ ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ ២០០៩ ដែលជា​អង្គភាព​ថ្នាក់ជាតិ​មួយ ជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល និង​ដើរតួនាទី​ជា​អង្គភាព​សិក្សា ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ​អំពី​សក្តានុពល​សេដ្ឋកិច្ច សង្គមកិច្ច និង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ និង​ជា​អ្នករៀបចំ​បង្កើតឡើង​នូវ​ផែនទី​បង្ហាញផ្លូវ ទស្សនវិស័យ គោលនយោបាយ​យុទ្ធសាស្ត្រ​ជូន​រាជរដ្ឋាភិបាល​។​

​សូម​រំលឹក​ជូន​ថា អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល ដែលមាន​ភារកិច្ច​ក្នុងការ​តាមដាន ត្រួតពិនិត្យ អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក បានធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​បោះបង្គោល​កំណ​ត់​ព្រំ​តំបន់​៣ នៃ​ព្រៃ​លិច​ទឹក នៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ស្របតាម​គោលការណ៍ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍