Thursday, April 23, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​ធ្វើ​អធិការកិច្ច​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ស្រុក​សន្ទុក និង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ

​នៅ​ថ្ងៃអាទិត្យ ៥​កើត ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៥ ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អមដំណើរ​ដោយ​មន្ត្រី​បច្ចេកទេស ដោយបាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ធំ បាន​ចុះ​ពិនិត្យមើល​ការទន្ទ្រាន ការបន្ត​អាស្រ័យ​ផល​ស្រូវប្រាំង​នៅក្នុង​ដី​តំបន់​២ និង​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ស្រុក​សន្ទុក និង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។
​សូម​ជម្រាបជូន​ថា ការចុះ​អធិការកិច្ច​ខាងលើនេះ ក្រុមការងារ​បាន​ចុះទៅ​ដល់ទី​តាំង​ផ្ទាល់​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលក្រុង​ស្ទឹងសែន អភិបាលរង​ស្រុក​សន្ទុក គណៈបញ្ជាការ​ស្រាល កងកម្លាំង​ទាំង​៣ អង្គភាព លោក​មេឃុំ លោក​មេភូមិ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​។​
​ក្នុងឱកាស​នេះដែរ ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​ជម្រាបជូន​អំពី សារ​:​សំខាន់​នៃ​តំបន់​៣ ដែល​ត្រូវ​រួមគ្នា​ការពារ និង​ថែរក្សា​ព្រមទាំង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី​ចូលរួម​ទប់ស្កាត់ ការទន្ទ្រាន​ដោយ​បន្ត​ចូល​អាស្រ័យ​ផល​ក្នុង​ដី​តំបន់​៣ ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​២ និង​តំបន់​៣ ជាពិសេស​ពង្រឹង​លើ​យន្តការ​អនុវត្ត​ច្បាប់ បទដ្ឋាន​គតិយុត្ត ដែលមាន​ជា​ធរមាន​៕

ព័ត៌មាន និងព្រឹត្តិការណ៍