នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពី ការរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី ឯកឧត្តម ឃ្លោក នួយ អភិបាលរង តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធមានដូចជា៖ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលជលផល មន្ទីរអភិវឌ្ឍន៍ជនបទ អភិបាល អភិបាលរងស្រុក រួមទាំងអាជ្ញាធរឃុំពាក់ព័ន្ធ ដែលមានសមាសភាពសរុបចំនួន ១៧រូប។
គោលបំណងនៃកិច្ចប្រជុំ៖
- បទបង្ហាញដោយមន្ត្រីជំនាញអាជ្ញាធរទន្លេសាប អំពីផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ក្នុងតំបន់រងការទន្ទ្រាន តំបន់ព្រៃរេចរិល តំបន់ភ្លើងឆេះព្រៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
- ពិភាក្សាប្រមូលធាតុចូលបន្ថែមពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរៀបចំបច្ចុប្បន្នភាពផែនការអនុវត្តកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញឱ្យសមស្របតាមស្ថានភាពជាក់ស្តែងនៃទីតាំងភូមិសាស្ត្រនៅក្នុងមូលដ្ឋាននីមួយៗ
- ផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសពាក់ព័ន្ធកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញ ព្រមទាំងចែករំលែកព័ត៌មានទិន្នន័យ ដើម្បីអនុវត្តផែនការរួមគ្នាប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការសម្របសម្រួលដល់ក្រុមការងារជំនាញអាជ្ញាធរទន្លេសាប ជាមួយមន្ទីរជំនាញពាក់ព័ន្ធនានា អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ដោយបានពិភាក្សារួមគ្នាលើការកំណត់ទីតាំងអាទិភាពសម្រាប់ការដាំស្តារព្រៃលិចទឹកឡើងវិញ។ បន្ទាប់ពីការបូកសរុបទិន្នន័យព័ត៌មានខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ជាទិសដៅបន្តក្រុមការងារជំនាញនឹងចុះពិនិត្យវាយតម្លៃបន្ថែមទៅលើទីតាំងជាក់ស្តែង និងធ្វើបច្ចុប្បន្នភាពផែនការដាំស្តារព្រៃលិចទឹកឡើងវិញក្នុងតំបន់បឹងទន្លេសាប។
សូមបញ្ជាក់ផងដែរថា យោងលិខិតលេខ ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយបានឯកភាពជាគោលការណ៍ ជូនក្រសួងធនធានទឹក និងឧតុនិយម (អាជ្ញាធរទន្លេសាប) សហការ ជាមួយក្រសួង ស្ថាប័ន ជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង៦ និងសហគមន៍ ស្ថិតនៅក្នុងខេត្តជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់ដែលរេចរិលក្នុងភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប៕



















