Saturday, March 7, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ស្តីពី ការរៀបចំ​ទិន្នន័យ​សក្កា​នុព​ល សម្រាប់​កសាង​ផែនទី​ការប្រើប្រាស់​ដី​ថ្នាក់ឃុំ សង្កាត់ នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង​

​នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ៣​រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ក្រុមការងារ បាន​ចូលរួម​កិច្ចប្រជុំ ស្តីពី ការរៀបចំ​ទិន្នន័យ​សក្កា​នុព​ល​សម្រាប់​កសាង​ផែនទី ការប្រើប្រាស់​ដី​ថ្នាក់ឃុំ សង្កាត់ នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ប្រចាំខេត្ត​កំពង់ឆ្នាំង​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​៖

  • ផ្សព្វផ្សាយ និង​បញ្ជាក់​សមាសភាព តួនាទី និង​ភារកិច្ច របស់​ក្រុមការងារ​រៀបចំ​ទិន្នន័យ​សក្កា​នុព​ល សម្រាប់​ការកសាង​ផែនទី​ការប្រើប្រាស់​ដី​ថ្នាក់ឃុំ សង្កាត់​
  • ធ្វើ​បទ​បង្ហាញ និង​ពិនិត្យ​ពិភាក្សា​អំពី​ទិន្នន័យ​ព័ត៌មាន​ដែល​បាន​ប្រមូល​ចងក្រង​តាម​បណ្តា​ស្រុក​ទាំង ៦ និង​ឃុំ សង្កាត់ ទាំង​៣៨ ដែល​ពាក់ព័ន្ធ​នឹង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​
  • ពិនិត្យ និង​វាយតម្លៃ​លើ​ស្ថានភាព​ប្រើប្រាស់​ដី​បច្ចុប្បន្ន ព្រមទាំង​សក្កា​នុព​ល និង​ដែន​កំណត់​នានា នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​
  • ពិភាក្សា​អំពី​បញ្ហា​ប្រឈម សំណូមពរ និង​អត្ថប្រយោជន៍​ដែល​កើតមាន​ក្នុង​តំបន់​នីមួយៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​
  • ពង្រឹង​កិច្ចសហការ​រវាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​អង្គភាព​ជំនាញ ក្នុងការ​រៀបចំ​ផែនទី​ការប្រើប្រាស់​ដី​ឱ្យមាន​ប្រសិទ្ធភាព និង​ចីរភាព​
  • ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការរៀបចំ​ផែនការ​អភិវឌ្ឍ និង​គ្រប់គ្រង​ការប្រើប្រាស់​ដី​ថ្នាក់ឃុំ សង្កាត់ នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្របតាម​គោលនយោបាយ និង​ច្បាប់​ជា​ធរមាន​។​
    ​សូម​ជម្រាបជូន​ថា ការរៀបចំ​ទិន្នន័យ​សក្កា​នុព​ល សម្រាប់​ការធ្វើ​ផែនទី​ការប្រើប្រាស់​ដី​ថ្នាក់ឃុំ សង្កាត់ នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ពិត​ជាមាន​សារៈសំខាន់​យ៉ាងខ្លាំង ជាពិសេស ការរៀបចំ​ផែនទី​ការប្រើប្រាស់​ដី​លើ​មូលដ្ឋាន​ទិន្នន័យ​ត្រឹមត្រូវ និង​ទាន់សម័យ នឹង​រួមចំណែក​លើកកម្ពស់​គុណ​ភាព​ជីវភាព​ប្រជាពលរដ្ឋ បង្កើន​ប្រសិទ្ធភាព​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី និង​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល ស្របតាម​ច្បាប់ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​៕

ព័ត៌មាន និងព្រឹត្តិការណ៍