Thursday, March 19, 2026

ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ប្រចាំឆ្នាំ​២០២៥ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៦

នៅ​ថ្ងៃ​ពុធ ១៥​រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២៦​នេះ ថ្នាក់ដឹកនាំ​និង​មន្ត្រី​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​ទិសដៅ​បន្ត​ឆ្នាំ​២០២៦ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប នៅ​សាលប្រជុំ​ទីស្ដីការក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​បិទ​កម្មវិធី​ក្រោម​អធិបតីភាព​ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​ថ្លែង​ក្នុង​អង្គពិធី​បិទ​សន្និបាត ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​-​ស្ថាប័ន​ទាំងបី​ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​រួមគ្នា​បំពេញភារកិច្ច​របស់ខ្លួន​យ៉ាងសកម្ម រហូត​សម្រេចបាន​លទ្ធផល​ជាច្រើន​គួរឱ្យកត់សម្គាល់​ក្នុង​ឆ្នាំ​២០២៥ ស្របតាម​ផែនការ​សកម្មភាព​ដែល​បាន​ដាក់ចេញ សំដៅ​ពង្រឹង​សន្តិសុខ​ទឹក ទ្រទ្រង់​ប្រព័ន្ធ​អេកូឡូស៊ី និង​កាត់បន្ថយ​នូវ​ហានិភ័យ​ដែល​បណ្តាលមកពី​គ្រោះធម្មជាតិ ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ ជាពិសេស ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​នៅតែ​បន្ត​ការគាំទ្រ​យ៉ាងសកម្ម​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ការអភិរក្ស និង​ការអភិវឌ្ឍ​វិស័យ​ធនធានទឹក និង​ឧតុនិយម នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​អង្គសន្និបាត​បាន​ប្រព្រឹត្តទៅ​រយៈពេល​មួយថ្ងៃ​ពេញ​ដោយមាន​ការធ្វើ​បទ​បង្ហាញ​ចំនួន​៤ របស់​អគ្គនាយក​កិច្ចកា​រដ្ឋបាល អគ្គនាយក​កិច្ចការ​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អគ្គលេខាធិការ​អាជ្ញាធរ​ទន្លេសាប រួមទាំង​បទ​អន្តរាគមន៍​ចំនួន ៤ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​៕

ព័ត៌មាន និងព្រឹត្តិការណ៍