នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ដល់ក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប និងអង្គភាពអនុវត្តគម្រោងទាំងអស់ ត្រូវបានកំណត់នូវសកម្មភាពជាអាទិភាព សូចនាករ ពេលវេលា និងយន្តការសម្រាប់ត្រួតពិនិត្យនិងវាយតម្លៃដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បីទទួលបានជោគជ័យក្នុងការពង្រឹងសន្តិសុខទឹក ការគ្រប់គ្រងអាងទន្លេ និងធនធានទឹកចម្រុះ ការការពារដែនព្រៃលិចទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ឧតុនិយម ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងនិរន្តរភាព។
សូមគូសបញ្ជាក់ផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បានកំណត់អាទិភាពការងារ និងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៥ សម្រាប់អនុវត្តគឺ៖
១- ពង្រឹងអភិបាលកិច្ចស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស សហប្រតិបត្តិការ និងគោលនយោបាយគ្រប់គ្រងទឹក
២- បង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធការងារទឹក និងអនុវត្តភាពប្រព័ន្ធធារាសាស្ត្រ ប្រកបដោយគុណភាព និងភាពធន់
៣- ពង្រឹងសន្តិសុខទឹក និងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ
៤- ពង្រឹងការគ្រប់គ្រងលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍លើប្រព័ន្ធព័ត៌មានទិន្នន័យធនធានទឹក និងឧតុនិយម
៥- បង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងការអភិរក្សធនធានទឹក៕




























