Saturday, March 7, 2026

ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​អាជ្ញាធរ​ទន្លេសាប ចុះ​ទស្សនកិច្ច​ស្វែងយល់ អំពី​ផល​នេសាទ តាមរយៈ​ការធ្វើ​អាជីវកម្ម​ឡូត៍​ដាយ​នៅតាម​ដង​ទន្លេសាប នា​រដូវ​បើក​នេសាទ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​

​ថ្ងៃ​សៅរ៍ ៨​កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​គណៈប្រតិភូ​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​តំណាង​ក្រសួង​ស្ថាប័ន​ដែលជា​សមាជិក​របស់​អាជ្ញាធរ​ទន្លេសាប ចុះ​ទស្សនកិច្ច​ស្វែងយល់ អំពី​ផល​នេសាទ តាមរយៈ​ការធ្វើ​អាជីវកម្ម​ឡូត៍​ដាយ​នៅតាម​ដង​ទន្លេសាប នា​រដូវ​បើក​នេសាទ តាម​គន្លង​ដាយ​នីមួយៗ​ដែល​បានកំណត់​ជ្រើសរើស គឺ​គន្លង​ដាយ​លេខ​3B, 8E, 11D, 13A, 14A និង​គន្លង​ទី​15B ដើម្បី​ពិនិត្យមើល​ពី​ស្ថានភាព​ទូទៅ​លើ​ការធ្វើ​អាជីវកម្ម​ឡូត៍​ដាយ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​
​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ស្វែងយល់​ជាក់ស្តែង​ការធ្វើ​អាជីវកម្ម​ឡូត៍​នេសាទ គន្លង​ដាយ​ជួរ​លេខ​15B និង​លេខ​13A ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​សកម្មភាព​បងប្អូន​ប្រជាពលរដ្ឋ​មក​ធ្វើការ​កែច្នៃ ប្រហុក ផ្អក និង​ត្រីឆ្អើរ នៅ​តំបន់​ឡូត៍​ដាយ​ជួរ​លេខ​13A​។​
​សូម​ជម្រាបជូន​ថា ការចុះ​ទស្សនកិច្ច​ស្វែងយល់​តាម​ឡូត៍​ដាយ និង​ក្រៅ​មាត់​ឡូត៍​ដាយ គឺមាន​គោលបំណង​ពិនិត្យ​ពី​បម្រែបម្រួល​ទ​ន្និ​ផល​ផល​នេសាទ​ធនធាន​ត្រី រួមទាំង​ទំហំ និង​ប្រភេទ​ត្រី​ចេញពី​បឹង​ទន្លេសាប ដែល​ចាប់បាន​ដោយ​ឡូត៍​ដាយ និង​ការនេសាទ​ដោយ​ឧបករណ៍​ផ្សេងទៀត​៕
​គួរ​បញ្ជាក់ថា រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៥​កន្លងទៅនេះ បាន​ជូនដំណឹង​ពី​រដូវ​នេសាទ​ឆ្នាំ​២០២៥-២០២៦ ដោយបាន​បញ្ជាក់ថា ត្រី​ចាប់ផ្ដើម​បម្លាស់​ទី​ចេញពី​បឹង​ទន្លេសាប បឹង ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ដែល​អំណោយផល​ដល់​ការធ្វើ​នេសាទ​បាន​ត្រី​ច្រើន ជាពិសេស​គន្លង​ដាយ​ត្រី​តាម​ដង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ៦​កើត ដល់​ថ្ងៃ​ពុធ ១២​កើត ខែបុស្ស ត្រូវ​នឹង​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ ក្នុងករណី​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​មិន​ទទួលរង​ឥទ្ធិពល​ព្យុះភ្លៀង​៕

ព័ត៌មាន និងព្រឹត្តិការណ៍