នាថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោក ឡុក សីលា ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ និងជាអនុប្រធានក្រុមការងារបច្ចេកទេស ដើម្បីកំណត់រៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់អាងបឹងទន្លេសាប នៃកម្មវិធីការអនុវត្តវាយតម្លៃសន្តិសុខទឹក និងលោក ណុំ សោភារិទ្ធិ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានចូលរួមសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា និងអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រុមការងារធនាគារពិភពលោក មន្ទីរធនធានទឹក និងឧតុនិយមខេត្តគោលដៅទាំង ៤ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ក្រចេះ និងខេត្តមណ្ឌលគិរី សរុបប្រមាណចំនួន ១២០នាក់។
សូមជម្រាបជូនថា គោលបំណងនៃការរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំនេះឡើង គឺដើម្បីធ្វើការត្រួតពិនិត្យលើការអនុវត្ត និងលទ្ធផលនៃការងារអនុវត្តកន្លងមករបស់ភ្នាក់ងារអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធ ដូចជា សមិទ្ធផលការងារ បញ្ហាប្រឈម ការធ្វើឱ្យប្រសើរឡើង ដំណោះស្រាយ និងការគាំទ្រពីធនាគារពិភពលោក និងការពង្រឹងលើកិច្ចសហប្រតិបត្តិការអន្តរក្រសួងរវាង MOWRAM, MAFF, MUF, MISTI, និង WB ដើម្បីធានាឱ្យបាននូវចីរភាព និងជោគជ័យនៃគម្រោងសន្តិសុខទឹកនាពេលអនាគត៕










