Saturday, March 7, 2026
Homeព័ត៌មានអំពីទន្លេសាបសម្រាស់​ធំៗ​ន...

សម្រាស់​ធំៗ​នៅ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ត្រូវ​កម្លាំង​កងទ័ព​ចុះបង្ក្រាប​

​កំពង់ឆ្នាំង​៖ សម្រាស់​មាន​ទំហំ​ធំៗ ស្ថិតនៅ​ភូមិ​ប្រឡាយ​មាស ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ ត្រូវបាន​កម្លាំង​កងទ័ព​ជិត​១០០​នាក់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ចុះបង្ក្រាប​រុះរើ​សម្រាស់​ធំៗ​ទាំងនេះ​ចេញ ។ ក្នុងពេល​កម្លាំង​កងទ័ព​កំពុង​ចុះ​ប្រតិ​ប​ត្ត​ការ​នោះ ក៏មាន​ម្ចាស់​របាំង​ជាច្រើន​នាក់ បានមក​តវ៉ា​មិនអោយ​បង្ក្រាប ដោយ​សុំ​ធ្វើ​១​ឆ្នាំ​ទៀត​។ ដោយឡែក​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ដែល​កំពុង​នេសាទ​ត្រី​ដោយ​ការ​ដាក់មង​សន្ទូច​នៅក្បែរនោះ បាន​បញ្ជាក់ថា ពួកគាត់​មិនអាច​ដាក់មង​ចងសន្ទូច​នៅក្បែរៗ​សម្រាស់​របស់​ពួកគេ​បានទេ ដោយ​ត្រូវ​ម្ចាស់​សម្រាស់​ធំៗ​ទាំងនោះ​ដេញ​មិនអោយ​នេសាទ​។​
​ប្រជា​នេសាទ​បានអោយដឹង​បន្តថា​៖ ពួកគាត់​ជា​អ្នករស់នៅ​តាម​ទន្លេ មុខរបរ​ដាក់មង​ចងសន្ទូច​នេះ គាត់​បានធ្វើ​តាំងពី​ដូនតា តែ​ពួកគាត់​មានការ​លំបាក​ខ្លាំង​ពេល​រដូវ​សម្រាស់​នេះ​តែម្តង ព្រោះ​ពួក​ម្ចាស់​សម្រាស់​ធំៗ​ទាំងនោះ ក្រៅពី​ដាក់​មែកឈើ​ចុះ​ក្នុង​ទឹកទន្លេ​ហើយ ពួកគេ​នៅ​អូស​ដើម​កំប្លោក​មក​ដាក់​ពីលើ​ទៀត នាំអោយ​ពួកគាត់​ពិបាក​ក្នុងការ​ធ្វើដំណើរ​ចេញចូល​ផ្ទះ និង​យក​អ្នក​ជម្ងឺ​ទៅ​ពេទ្យ​ជាដើម​។ ម្យ៉ាងទៀត​ពេល​ពួកគាត់​រាយ​មង​ចងសន្ទូច គឺ​ពួក​ម្ចាស់​សម្រាស់​ទាំងនោះ គឺ​ពួកគេ​បាន​ដេញ​ពួកគាត់​មិនអោយ​ពួកគាត់​នេសាទ​ក្បែរៗ​សម្រាស់​របស់​ពួកគេ​ឡើយ​។ ក៏ប៉ុន្តែ​ពេល​កម្លាំង​កងទ័ព​ចុះមក​បង្ក្រាប​បែបនេះ ពួកគាត់​ជា​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ មានចិត្ត​សប្បាយ និង​សង្ឃឹមថា​ភោកផល​ត្រី​ទឹកសាប នឹង​សំបូរ​ឡើងវិញ​។ ក្រៅពី​បទល្មើស​សម្រាស់ និងរ​បាំងសាច់​អួន នៅពេល​យប់​មាន​បទល្មើស​ទូក​មង​បង្ក្រាប ការ​រុញ​ជន​ដោយ​ម៉ាស៊ីន ឆក់​ក្តៅ ឆក់​ត្រជាក់​ជាច្រើន​គ្រឿង​កើតឡើង​នៅក្នុង​តំបន់​ទន្លេ​ឃុំ​ប្រឡាយ​មាស​នេះ​។​
​នៅពេល​កម្លាំង​កងទ័ព​កំពុង​ប្រតិ​ប​ត្ត​ការបង្ក្រាប​នោះ គេ​សង្កេតឃើញ​ម្ចាស់​សម្រាស់​ជាច្រើន​នាក់​បាន​ចេញមក​តវ៉ា​ដោយ​មិន​ញញើត​នឹង​ច្បាប់ ដោយ​ពួកគេ​បាន​បញ្ជាក់ថា នេះ​ជា​ឆ្នាំងបាយ​ពួកគេ បើ​កម្លាំង​កងទ័ព​ធ្វើបែបនេះ តើ​ពួកគេ​បាន​អ្វី​ហូប បាន​លុយ​ឯណា​អោយ​កូន​រៀនសូត្រ និង​មាន​លុយ​ឯណា​ចាក់​សាំង មើល​ជម្ងឺ​ជាដើម​។ ម្ចាស់​សម្រាស់​ធំៗ​ទាំងនោះ បាន​សុំ​កម្លាំង​កងទ័ព​ជួយ​បន្ធូរបន្ថយ​អោយ​ពួកគាត់​ផង និង​សុំ​ធ្វើ​តែ​១​ឆ្នាំនេះ​ទេ​។​
​ក្នុងពេល​ចុះបង្ក្រាប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ សុភា មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​កំពង់ឆ្នាំង បាន​បញ្ជា​អោយ​កងក​ម្ឡាំ​ង​កងទ័ព​ទាំងអស់​ចុះ​រុះរើ​សម្រាស់​ទាំងនោះ​ចេញ ដោយ​មិន​ស្តាប់​ការតវ៉ា​ពី​ម្ចាស់​សម្រាស់​ទាំងនោះ​ឡើយ ដោយ​លោក​បញ្ជាក់ថា នេះ​ជា​បទបញ្ជា​ថ្នាក់លើ មិនអាច​មិន​បង្ក្រាប​បានឡើយ ហើយ​នៅ​គ្រប់​ទីតាំង​ដែលមាន​សម្រាស់ ត្រូវ​រុះរើ​ចេញ​ជាបន្ទាន់ ព្រោះ​កម្លាំង​កងទ័ព​បាន​ចុះ​ធ្វើជា​រៀងរាល់ថ្ងៃ​ហើយ​។​
​នៅវេលា​ម៉ោង​ប្រមាណ​១០​និង​១៥​នាទី លោក យ៉ែម លក្ខិណា អភិបាលស្រុក​កំពង់លែង បានមក​ដល់ទី​តាំង​បង្ក្រាប និង​បាន​ស្នើសុំ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ សុភា ជួយ​ប​ន្ទូ​រ​បន្ថយ​សិន ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បានអោយ​កម្លាំង​ដកថយ​បន្តិច​សិន ព្រមទាំង​បាន​រាយ​ការជូន​ថ្នាក់លើ​ភ្លាមៗ​ផងដែរ​។​
​កម្លាំង​កងទ័ព​មានការ​ងឿងឆ្ងល់​ថា ហេតុអ្វី​ក៏​ម្ចាស់​សម្រាស់​ធំៗ​ទាំងនោះ​គាត់​ហ៊ាន​ម្លេះ ពេល​កម្លាំង​កងទ័ព​កំពុង​បង្ក្រាប បែរជា​ពួកគាត់​ចេញមក​តវ៉ា​បែបនេះ ព្រោះថា​បទល្មើស​សម្រាស់ គឺជា​បទល្មើស​នេសាទ​មួយ​ដែល​បង្ករ​ការវិនាស​ធ្ងន់ធ្ងរ​ដល់​ពូជ​ត្រី ធ្វើអោយ​ទន្លេ​គោក​រាក់ ការផ្លាស់ប្តូរ​ចរន្តទឹក​ហូរ ជាពិសេស​បាន​បំផ្លាញ​ព្រៃ​លិច​ទឹក​អស់​គ្មាន​សល់​ផងដែរ ព្រោះ​សម្រាស់​ធំៗ​នៅ​ទីតាំង​នោះ​មាន​មែកឈើ​ជា​ព្រៃ​លិច​ទឹកធំៗ និង​មិនអាច​យកចេញ​បានត្រឹមតែ​៥​ថ្ងៃ ឬ​១​សប្តាហ៍​បានឡើយ​៕ កាំ​ង ហុង​វាស្នា​

ព័ត៌មាន និងព្រឹត្តិការណ៍