នាថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារ បានដឹកនាំ និងចាត់តាំងក្រុមការងារបច្ចេកទេសអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ អាជ្ញាធរដែនដីពាក់ព័ន្ធ ធ្វើការដំឡើងឡើងស្ថានីយជលសាស្ត្រ និងឧតុនិយម(H.R) ១កន្លែង ត្រង់ចំណុចផ្នែកខាងលើនៃសំណង់ស្ទាក់ទឹកស្ទឹងជីនិត (X:502661, Y:1384169) ក្នុងភូមិសាស្ត្រភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សូមបញ្ជាក់ជូនថា កន្លងមកអាជ្ញាធរទន្លេសាបបានដំឡើងស្ថានីយជលសាស្ត្រ និងឧតុនិយម (H.R) ស្ថិតត្រង់ចំណុចទីតាំងស្ពានត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ហើយត្រូវបានរុះរើចេញ ដោយសារប៉ះពាល់ជាមួយនឹងគម្រោងសាងសង់ផ្លូវលំជនបទ និងសាងសង់សំណង់ស្ពាន ១កន្លែង ក្នុងក្របខ័ណ្ឌកម្មវិធី RID4CAM របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ស្ថានីយជលសាស្ត្រ និងឧតុនិយម (H.R) គឺជាឧបករណ៍សម្រាប់វាស់កម្ពស់ទឹក និងឧតុនិយម មួយក្នុងចំណោម ១១ស្ថានីយ ដែលទទួលបានពីគម្រោងកិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រ និងស្វ័យប្រវត្តិកម្មការអភិរក្សទឹកណានជីង (មេគង្គ-ឡាងឆាង) នៃក្រសួងធនធានទឹកចិន ក្រោមគម្រោងសាកល្បងនៃការអង្កេតទិន្នន័យជលសាស្ត្រ និងបច្ចេកវិទ្យាបញ្ចូនស្វ័យប្រវត្តិ តំបន់អាងទន្លេសាប ឆ្នាំ២០២១ -២០២២៕













