នាថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេសការិយាល័យកសិកម្មចម្រុះ ចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីការប្រែប្រួលដីកសិកម្ម ក្នុងតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សកម្មភាព នៃការចុះសិក្សាស្រាវជ្រាវ៖
១. ជួបជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំទិន្នន័យស្ថិតិប្រជាពលរដ្ឋ ការប្រើប្រាស់ដីធ្លី និងឯកសារពាក់ព័ន្ធផ្សេងៗ
២. ចុះទៅទីតាំងពិនិត្យមើលទិដ្ឋភាពជាក់ស្តែង ដើម្បីបញ្ជាក់បន្ថែមអំពីភាពត្រឹមត្រូវ នៃទីតាំង និងទំហំផ្ទៃដីប្រើប្រាស់
៣. ថតដ្រូន ដើម្បីយករូបភាពមកធ្វើការប្រៀបធៀបជាមួយរូបភាពពីផ្កាយរណប
៤. ប្រើប្រាស់កម្មវិធី Avenza mobile app ដើម្បីដំណើរការ នៃការចុះសិក្សាស្រាវជ្រាវ (ស្វែងរកទីតាំង ផ្លូវធ្វើដំណើរ និងពិនិត្យមើលផ្ទៃដីបឋម)។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីការប្រែប្រួលដីកសិកម្ម ក្នុងតំបន់បឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តសម្រាប់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ ដំណើរនៃការចុះបំពេញបេសកកម្មនេះមានគោលបំណង៖
សិក្សាស្រាវជ្រាវ និងវិភាគ អំពីបម្រែបម្រួលផ្ទៃដីកសិកម្ម តំបន់១ តំបន់២ និងតំបន់៣ ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប
ចុះសិក្សាតាមដាន និងផ្ទៀងផ្ទាត់ លើព័ត៌មាន-ទិន្នន័យ ដែលប្រមូលបាន
ធ្វើបច្ចុប្បន្នភាព ទៅលើទិន្នន័យដែលប្រមូលបាន
បង្កើតជាផែនទីគម្របដីកសិកម្ម ក្នុងតំបន់១ តំបន់២ និងតំបន់៣ ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប
ចងក្រងជារបាយការណ៍តាមដានការអនុវត្តសកម្មភាពត្រីមាស-ឆមាស-ប្រចាំឆ្នាំ និងរបាយការណ៍បច្ចេកទេស៕


















