Saturday, March 7, 2026

លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប

​នា​ថ្ងៃ​ព្រហស្បតិ៍ ៣ រោច ខែស្រាព​ណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៤ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​ផ្សព្វផ្សាយ ច្បាប់ បទដ្ឋាន​គតិយុត្ត បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ វគ្គ​ផ្សព្វផ្សាយ​នេះ បាន​អញ្ជើញ​ចូលរួម​ពី​លោក​អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម លោក​អភិបាលរង​ស្រុក លោក​នាយករង​រដ្ឋបាល​ស្រុក ព្រមទាំង​លោក លោកស្រី ជា​មេឃុំ ជំទប់​ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ មន្ត្រីនគរបាល​ប៉ុស្តិ៍ តំណាង​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សាស្ត្រ​ឃុំ​ក្បាល​ត្រាច ឃុំ​អ​ន្សា​ចំបក់ ឃុំ​អូរសណ្តាន់ ឃុំ​ស្នា​អ​ន្សា ឃុំ​កំពង់​ពោធិ៍ ឃុំ​កំពង់​លួង និង​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ សរុប​ចំនួន ២៣៤ នាក់​។​
​សូម​ជម្រាបជូន​ថា ការចុះ​ផ្សព្វផ្សាយ​នេះ គោលបំណង​ផ្ដោត​សំខាន់​លើ ៖

បញ្ជៀប​ការយល់ដឹង​ទៅកាន់​ប្រជាពលរដ្ឋ ឱ្យមាន​ការចូល​រួមកា​រពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ព្រៃ​លិច​ទឹក​
សំដៅ​ធានាបាន​នូវ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ។​
​វគ្គ​ផ្សព្វផ្សាយ​នេះដែរ ក្រុមការងារ​ក៏បាន​បង្ហាញ​ពីសារ​:​សំខាន់​បឹង​ទន្លេសាប ព្រៃ​លិច​ទឹក វិធានការ​ការពារ​ធ​ន​ធាន​ធម្មជាតិ ការចូលរួម​ការអនុវត្ត​ច្បាប់ ដើម្បី​ធានា​ការការពារ ថែរក្សា និង​គ្រប់គ្រង​ធម្មជាតិ ជីវចម្រុះ ធនធាន​ជលផល ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ នៃ​បឹង​ទន្លេសាប​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​រក្សាបាន​នូវ តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ដែលជា​អត្តសញ្ញាណ​ជាតិ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​មនុស្សជាតិ ដែល​វា​បាន និង​កំពុង​គំរាមកំហែង​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប បង្កឡើង​ដោយ កត្តា​មនុស្ស និង​កត្តា​ធម្មជាតិ ក្មុង​នោះ​រួមមាន​សកម្មភាព​ក្នុងការ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក និង​ការនេសាទ​ខុសច្បាប់ ជាដើម​។​

​សូមបញ្ជាក់​ជូន​ថា អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល ដែលមាន​ភារកិច្ច​ក្នុងការ​តាមដាន ត្រួតពិនិត្យ អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក បានធ្វើ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​បោះបង្គោល​កំណ​ត់​ព្រំ​តំបន់​៣ នៃ​ព្រៃ​លិច​ទឹក នៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ស្របតាម​គោលការណ៍ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ៕

ព័ត៌មាន និងព្រឹត្តិការណ៍