នាថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ណៅ ណាតា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បន្តចុះសិក្សាស្រាវជ្រាវ តាមដានវាយតម្លៃពីបរិមាណផលចាប់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទនៅភូមិទី១ ភូមិទី២ ភូមិទី៣ ភូមិទី៤ និងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រុមការងារចុះសិក្សាមានគោលបំណងសំខាន់ៗដូចជា៖
- សិក្សាតាមដានបរិមាណផលចាប់ដែលធ្វើអាជីវកម្មនៅតាមច្រកឡើងត្រីសំខាន់ៗ និងធ្វើបច្ចុប្បន្នភាពកន្លែងបែងចែកផលនេសាទ
- សិក្សាតាមដានបរិមាណផលចាប់ប្រចាំថ្ងៃរបស់អ្នកនេសាទទៅតាមប្រភេទឧបករណ៍នេសាទសំខាន់ៗ
- សិក្សាចរន្ត និងតម្លៃទីផ្សារតាមតំបន់នីមួយៗ
- សិក្សាពីផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ
ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ ៖
១. អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ
២. សម្ភាសន៍ជាមួយអ្នកនេសាទ
៣. សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី និងតាមដានតម្លៃទីផ្សារត្រី។
សូមជម្រាបជូនថា មុខរបរនេសាទត្រីពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រជាពលរដ្ឋដែលរស់នៅឃុំកំពង់លួង ពីព្រោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងឃុំមានប្រមាណជា ៥០% ពឹងផ្អែកទៅលើមុខរបរនេសាទជាចម្បង ការនេសាទជួយផ្គត់ផ្គង់អាហារដល់គ្រួសារ បង្កើតប្រាក់ចំណូល និងការងារ ព្រមទាំងជួយដល់សេដ្ឋកិច្ចមូលដ្ឋានផងដែរ។ ដូច្នេះ ការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព គឺត្រូវមានការចូលរួមពីសហគមន៍មូលដ្ឋាន អាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ គឺជាគន្លឹះសំខាន់បំផុតសម្រាប់ការពារធនធានជលផល និងធានាលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងរយៈពេលវែង៕











