នាថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាលផែនការ និងសហប្រតិបត្តិការបានដឹកនាំក្រុមការងារបច្ចេកទេសយេនឌ័រ នៃអាជ្ញាធរទន្លេសាប បន្តប្រជុំផ្សព្វផ្សាយ ស្តីពីការចូលរួមយេនឌ័រក្នុងការអភិរក្សធនធានជលផល និងបរិស្ថាន បានរៀបចំ ឡើងនៅរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប ដែលមានការចូលរួមពីលោក-លោកស្រី ជាអភិបាលរងស្រុក នាយករងរដ្ឋបាល អនុប្រធានការិយាល័យ។
សូមជម្រាបជូនថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណង៖
១. ផ្សព្វផ្សាយ ពីសារៈសំខាន់នៃធនធានធម្មជាតិ និងការអភិរក្សធនធានជលផល និងបរិស្ថាន
២. រួមបញ្ចូល GEDSI ផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងវិធានការនៃការចូលរួមការពារ ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាបទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ
៣. ការជំរុញលើកទឹកចិត្ត និងឱ្យតម្លៃលើការងារ តួនាទី ភារកិច្ចរបស់ស្ត្រី និងបរិយាបន្នសង្គម
៤. បង្កើនការយល់ដឹងពីការបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់លើធនធានធម្មជាតិ បរិស្ថាន និងសេដ្ឋកិច្ច-សង្គម
៥. ពង្រឹង និងពង្រីកពីការយល់ដឹងយេនឌ័រ និងបរិយាបន្នសង្គម លើការគ្រប់គ្រងកាកសំណល់រឹង-រាវ ការបំពុលបរិស្ថាន និងការថយចុះធនធានជលផល
៦. រួបរួមគ្នាគ្រប់ភាគី ដាំកូនឈើព្រៃលិចទឹក ទប់ស្កាត់រាល់បទល្មើសខុសច្បាប់នានា និងបង្កើតតំបន់អភិរក្សត្រីមេពូជ ដើម្បីជួយបង្កើនបរិមាណផលស្តុកជលផលសម្រាប់ប្រើប្រាស់យូរអង្វែង ព្រមទាំងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិសម្រាប់កូនចៅនាពេលបច្ចុប្បន្ន និងជំនាន់ក្រោយ៕










