នាថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាលផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារបច្ចេកទេសយេនឌ័រនៃអាជ្ញាធរទន្លេសាប ប្រជុំផ្សព្វផ្សាយ ស្តីពីការចូលរួមយេនឌ័រក្នុងការអភិរក្សធនធានជលផល និងបរិស្ថាន បានរៀបចំឡើងនៅរដ្ឋបាលស្រុកក្រគរ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណង៖
- ផ្សព្វផ្សាយ ពីសារៈសំខាន់នៃធនធានធម្មជាតិ និងការអភិរក្សធនធានជលផល និងបរិស្ថាន
- អនុវត្តន៍អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី និងក្រោមការដឹកនាំចង្អុលបង្ហាញពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប
- រួមបញ្ចូល GEDSI ផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិធានការនៃការចូលរួមការពារ ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាបទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ
- ជំរុញលើកទឹកចិត្ត និងឱ្យតម្លៃលើការងារ តួនាទី ភារកិច្ចរបស់ស្ត្រី និងបរិយាបន្នសង្គម
- បង្កើនការយល់ដឹងពីការបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់លើធនធានធម្មជាតិ បរិស្ថាន និងសេដ្ឋកិច្ច-សង្គម
- ពង្រឹង និងពង្រីកពីការយល់ដឹងយេនឌ័រ និងបរិយាបន្នសង្គម លើការគ្រប់គ្រងកាកសំណល់រឹង-រាវ ការបំពុលបរិស្ថាន និងការថយចុះធនធានជលផល
- រួបរួមគ្នាគ្រប់ភាគី ដាំកូនឈើព្រៃលិចទឹក ទប់ស្កាត់រាល់បទល្មើសខុសច្បាប់នានា និងបង្កើតតំបន់អភិរក្សត្រីមេពូជ ដើម្បីជួយបង្កើនបរិមាណផលស្តុកជលផលសម្រាប់ប្រើប្រាស់យូរអង្វែង ព្រមទាំងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិសម្រាប់កូនចៅនាពេលបច្ចុប្បន្ន និងជំនាន់ក្រោយ៕











