នាថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយទទួលតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន រួមជាមួយមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានបន្តចុះប្រជុំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំព្រែកលួង ស្រុកឯកភ្នំ និងបានបន្តជួបពិភាក្សាស្វែងយល់ពីវិវាទទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ ស្រុកសង្កែ ខេត្តបាត់ដំបង ផងដែរ។
សូមជម្រាបជូនថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងផ្ដោតសំខាន់ រួមមាន៖
ទី១. បង្កើនការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក
ទី២. សំដៅធានាឱ្យបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាបប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំផ្សព្វផ្សាយនេះ បានអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកឯកភ្នំ តំណាងលោកអភិបាលស្រុក ព្រមទាំងលោកស្រី លោក លោកស្រីជាមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ តំណាងសហគមន៍នេសាទ និងប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕











