នាថ្ងៃចន្ទ ១១កើត ដល់ថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប , ក្រុមការងារមន្ត្រីជំនាញអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បន្តចុះពិនិត្យស្ថានភាពទីតាំងដីតំបន់ ៣ នៅដើមរដូវទឹកសម្រក ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់លែង និងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ការចុះពិនិត្យជាក់ស្តែងនេះ ដើម្បីប្រមូលព័ត៌មានទិន្នន័យ អំពីកម្ពស់ទឹក ស្ថានភាពរបបជលសាស្ត្រទឹកជំនន់ ស្ថានភាពព្រៃលិចទឹកក្នុងតំបន់៣ ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ដីសើមបឹងទន្លេសាប រួមនឹងការប្រើប្រាស់ដីកសិកម្មដែលធ្លាប់បាន និងអាស្រ័យផល ដើម្បីរៀបចំផែនការសកម្មភាពសមស្របឆ្លើយតបបានទាន់ពេលវេលា ក្នុងការចាត់វិធានការបង្ការទប់ស្កាត់ការទន្ទ្រានព្រៃលិចទឹកក្នុងតំបន់៣ បន្ទាប់ពីទទួលបានការកាត់ឆ្វៀលពីរាជរដ្ឋាភិបាលកាលពីឆ្នាំ២០២២-២០២៣៕





















