នាថ្ងៃសុក្រ ៧ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារមន្ត្រីការិយាល័យសម្របសម្រួលវិវាទ នៃនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានបន្តចុះអនុវត្តសកម្មភាពសម្របសម្រួល និងតាមដានទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ធនធានធម្មជាតិ ដោយបានធ្វើការជួបពិភាក្សាជាមួយតំណាងអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុកសន្ទុក អាជ្ញាធរមូលដ្ឋាន រួមនឹងសហគមន៍នេសាទតាមុនមានលាភ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សូមជម្រាបជូនថា តាមរយ:ការចុះអនុវត្តសកម្មភាពនេះបានឱ្យឃើញថា បច្ចុប្បន្នសម្ពាធនៃកំណើនប្រជាជន និងតម្រូវការជីវភាពរបស់ប្រជាជនក្នុងការទាញយកផលប្រយោជន៍ពីធនធានធម្មជាតិ បាន និងកំពុងជះឥទ្ធិពលមកលើធនធានធម្មជាតិជាន់នឹងតំបន់បឹងទន្លេសាប ក៏បានបង្កឡើងនូវទំនាស់/វិវាទផលប្រយោជន៍ ជាអាទិ៍ :សកម្មភាពប្រើប្រាស់នូវប្រភេទឧបករណ៍នេសាទខុសច្បាប់ ការរំលោភបំពានដីតំបន់ទ្រនាប់ (តំបន់២) និងដីចំណីបឹងសាធារណៈរបស់រដ្ឋ ការប្រើប្រាស់ថ្នាំបំពុលសម្លាប់សត្វល្អិត និងជីគីមីកសិកម្មគ្មានស្ដង់ដារបច្ចេកទេសត្រឹមត្រូវ និងការចោលកាកសំណល់ (សម្បកថ្នាំ/ជីគីមី) ចូលក្នុងប្រភពទឹកពាលវាលពាសកាល រួមនឹងបញ្ហាវិវាទនៃក្នុងទាញយកទឹកមកស្រោចស្រពក្នុងវិស័យកសិកម្ម ជាដើម ដែលហេតុបង្កឱ្យមានផលប៉ះពាល់មកលើធនធានធម្មជាតិ និងដែនព្រៃលិចទឹកក្នុងភូមិសាស្ត្រឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សូមបញ្ជាក់ជូនថាៈ សកម្មភាពសម្របសម្រួល និងតាមដានទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ដើម្បីជួបពិភាក្សា និងប្រមូលទិន្នន័យ-ព័ត៌មាន និងផ្សព្វផ្សាយបញ្ជ្រាបខ្លឹមសារអនុក្រឹត្យលេខ ៨៣ (ការកំណត់ និងសិទ្ធិអាស្រ័យផលដីតំបន់២) ក្នុងគោលបំណងបង្កើនកិច្ចសហការល្អ រវាងស្ថាប័នជំនាញពាក់ព័ន្ធ និងការយល់ដឹងពីដំណើរការនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ធនធានធម្មជាតិ រួមទាំងការចែករំលែកនូវទិន្ន័យ-ព័ត៌មានទាន់ហេតុការណ៍ ដែលកើតមានឡើងក្នុងតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងវិធីសាស្ត្រក្នុងការដោះស្រាយវិវាទផលប្រយោជន៍ពីការទាញយកធនធានធម្មជាតិ នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ភាពជោគជ័យក្នុងកិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព





