Thursday, April 30, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អចិន្ត្រៃយ៍ អាជ្ញាធរ​ទន្លេសាប ទទួល​ជួបប្រជុំ​ពិភាក្សា អំពី​ការផ្តួចផ្តើម​រៀបចំ​សិក្ខាសាលា ស្តីពី​បញ្ញា​សិប្បនិម្មិត AI សម្រាប់​ការគ្រប់គ្រង​ទន្លេសាប និង​គោលនយោបាយ​ទឹក

​នា​ព្រឹក​ថ្ងៃ​ពុធ ១៣​កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ ២០២៦ ដោយ​ទទួលបាន​ការចាត់តាំង និង​ណែនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អចិន្ត្រៃយ៍​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ការអនុវត្ត​គម្រោង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារពិភពលោក អមដោយ​ក្រុមការងារ​បច្ចេកទេសរ​បស់​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ទទួល​ជួបប្រជុំ​ពិភាក្សា​ជាមួយ លោក​សាស្ត្រាចារ្យ Reuben Chong Wee Ng នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី National University of Singapore និង លោក ចាន់ វី​រះ ជំនាញការ​ជាន់ខ្ពស់​កា​រ​គ្រប់គ្រង​ធនធានទឹក នៃ​ធនាគារពិភពលោក ដើម្បី​ពិភាក្សា​ការផ្តួចផ្តើម​រៀបចំ​សិក្ខាសាលា ស្តីពី​បញ្ញា​សិប្បនិម្មិត AI សម្រាប់​ការគ្រប់គ្រង​ទន្លេសាប និង​គោលនយោបាយ​ទឹក ដែល​នឹង​តម្រូវឱ្យមាន​ការអញ្ជើញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​បច្ចេកទេស​ជំនាញ​សំខាន់ៗ ជា​សមាជិក​របស់​អាជ្ញា​ធរ​ទន្លេសាប​។
​ក្នុងនោះដែរ​កិច្ចប្រជុំ ក៏បាន​ពិភាក្សា និង​យកចិត្តទុកដាក់​ផ្តោតទៅលើ​ការដាក់ចេញ​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​អាទិភាព​របស់​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ ភាព​ប្រឈម​នឹង​គោលនយោបាយ រួមជាមួយ​ទស្សនៈវិស័យ​ជា​យុទ្ធសាស្ត្រ របស់​អាជ្ញាធរ​ទន្លេសាប ស្រប​ជាមួយនឹង​បរិបទ​នៃ​ការផ្លាស់ប្តូរ​ទំនើបកម្ម​តាមបែប ឌីជីថល (Digital) សំដៅ​ដល់​ការ​ការគ្រប់គ្រង​តំបន់​ទន្លេសាប​ប្រកបដោយ​ឆ្លាត​វៃ ។
​សូមបញ្ជាក់ថា ៖ អាជ្ញាធរ​ទន្លេសាប បាននិងកំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ ធនាគារពិភពលោក ស្ថិតក្រោម​កម្មវិធី​គម្រោង​វាយតម្លៃ​សន្តិសុខ​ទឹកទន្លេ​សាប និង​បាន​កំពុងតែ​រៀបចំ​កសាង​ឯកសារ​សំខាន់ៗ រួមមាន ៖ (១). របាយការណ៍ ស្តីពី​ស្ថានភាព​អាង​ទន្លេសាប​, (២). ការវាយតម្លៃ​សន្តិសុខ​ទឹកទន្លេ​សាប និង (៣). សេចក្តី​សង្ខេប​គោលនយោបាយ​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍