ថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដោយមានការគាំទ្រពីកងកម្លាំងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកបានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បន្តចុះពិនិត្យទីតាំងដីដែលរងការទន្ទ្រាននាពេលកន្លងមក និង ផ្ទៃដីព្រៃរេចរិល ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្រយ៉ូវ និងសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងនេះមានកិច្ចសហការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលក្រុងស្ទឹងសែន តំណាងមន្ទីរធនធានទឹក និងឧតុនិយម តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ការិយាល័យភូមិបាល អង្គភាពជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលស្រុក លោកចៅសង្កាត់ស្រយ៉ូវ និងសង្កាត់អូរគន្ធរ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល រួមជាមួយលោកមេភូមិដែលមានការពាក់ព័ន្ធ៕












