នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប អមដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រោមឱវាទអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប រួមជាមួយលោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុក និងមន្ត្រីរដ្ឋបាលស្រុកស្ទោង បានចុះជួបប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយមន្ត្រីជំនាញជលផល បរិស្ថាន កងកម្លាំងសមត្ថកិច្ច ដែលឈរជើងប្រចាំការការពារអភិរក្សនៅតំបន់អភិរក្សបឹងទន្លេឆ្មា រួមជាមួយក្រុមប្រឹក្សាឃុំពាមបាង និងមេភូមិទាំង ៥ ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សូមជម្រាបថា កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយមន្ត្រីជំនាញ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខាងលើ គឺក្នុងគោលបំណងសំដៅចូលរួមអនុវត្តច្បាប់ការពារថែរក្សាធនធានធម្មជាតិ និងជីវចម្រុះប្រកបដោយចីរភាព ជាមួយនឹងស្មារតីគិតគូរ និងយកចិត្តទុកដាក់ប្រកបដោយសុភនិច្ឆ័យចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅពឹងអាស្រ័យនឹងរបរនេសាទ ជាពិសេសជំរុញការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្នុងឃុំពាមបាង ប្រកបដោយប្រសិទ្ធភាព ។
សូមបញ្ជាក់ផងដែរថា ឃុំពាមបាង ជាឃុំមួយក្នុងចំណោមឃុំទាំង ១៣ ចំណុះឱ្យស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាឃុំនៅដាច់ស្រយាល ស្ថិតនៅលើផ្ទៃបឹងទន្លេសាប មាន ៥ ភូមិ ដែលជាភូមិបណ្តែតទឹក ហើយការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ គឺពឹងអាស្រ័យផ្ទាល់តែនឹងរបរនេសាទតែមួយមុខទាំងរដូវវស្សា និងរដូវប្រាំង។
ជាមួយនេះដែរ ក្នុងភូមិសាស្ត្រឃុំពាមបាង ក៏មានតំបន់អភិរក្សមួយសំខាន់ ឈ្មោះថា បឹងទន្លេឆ្មា ជាតំបន់ស្នូលមួយ ក្នុងចំណោមតំបន់ស្នូលទាំង៣ នៅក្នុងឋបនីយជីវមណ្ឌលបឹងទន្លេសាប ដែលបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ត្រីមេពូជ ពងកូន-បង្កកំណើត និងជួយបង្កើនផលស្តុកធនធានត្រី និងធនធានជីវចម្រុះគ្រប់ប្រភេទមកដល់បឹងទន្លេសាប។ បឹងទន្លេឆ្មានេះ មានផ្ទៃដីសរុប ១៤ ៥៦០ហិចតា គ្របដណ្តប់ទៅដោយផ្ទៃវាលបឹង និងប្រព័ន្ធព្រែក សម្បូរណ៍ដោយរុក្ខជាតិចម្រុះ ត្រី សត្វស្លាបទឹក ជាច្រើនប្រភេទ ហើយដែលភាគច្រើនជាប្រភេទកម្រ ប្រភេទងាយរងគ្រោះ ឬជិតផុតពូជ ៕




















