នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិនិត្យពីវឌ្ឍនភាពការងារចុះសហការជាមួយអន្តរក្រសួង ដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី ខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង លោកប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប នៃបណ្តាមុខព្រួញខេត្តទាំង៦ ជុំវិញបឹងទន្លេសាប មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះក្នុងគោលបំណង ដើម្បី៖ពិនិត្យវឌ្ឍនភាពការងារមុខព្រួញតាមបណ្តាខេត្តទាំង៦ ចុះសហការការងារជាមួយអន្តរក្រសួងចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍ចំពោះកិច្ចការតាមមុខព្រួញនីមួយៗជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ និងបញ្ហាប្រឈមនានារៀបចំរបាយការណ៍បូកសរុបលទ្ធផលសហការអនុវត្តការងារជូនថ្នាក់ដឹកនាំ និងលើកផែនការសហការអនុវត្តជាមួយអន្តរក្រសួង ស្ថាប័ន។
សូមបញ្ជាក់ថា: កិច្ចប្រជុំនេះ ក៏បានពិភាក្សាលើផែនការរបស់អាជ្ញាធរទន្លេសាប ដោយមានការគាំទ្រពីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការចុះផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងស្រង់ទិន្នន័យ ព័ត៌មានការប្រើប្រាស់ដី បម្រែបម្រួលគម្របដី ប្រភពធនធានទឹក និងធនធានធម្មជាតិពាក់ព័ន្ធក្នុងតំបន់២ តំបន់១ និងស្ទឹងសំខាន់ៗទាំង១១ ស្ថិតក្នុងភូមិសាស្ត្រខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប និងខេត្ត ២ ផ្សេងទៀតដែលពាក់ព័ន្ធជាប់នឹងតំបន់ទន្លេសាប (ខេត្តកំពង់ចាម និងខេត្តកណ្តាល)៕

















