ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អមដំណើរដោយឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ និងឯកឧត្តម ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បានបន្តចុះអធិការកិច្ចបង្គោលព្រំដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រឃុំល្វែងឬស្សី ស្ពានត្នោត អន្លង់សំណរ ជីក្រែង គោកធ្លកក្រោម សង្វើយ និងឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានកិច្ចសហការចូលរួមពីតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប លោកអភិបាលរង នៃគណៈអភិបាលស្រុកជីក្រែង សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរដ្ឋបាលស្រុក តំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន តំណាងការិយាល័យដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ-ប្រជាការពារពាក់ព័ន្ធ រួមនិងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរបស់ស្រុកជីក្រែង។
សូមជម្រាបជូនថា ឆ្លៀតក្នុងឱកាសក្នុងអធិការកិច្ចនេះដែរ ឯកឧត្តមប្រធានក្រុមការងារបានពាំនាំជម្រាបជូនពីគោលនយោបាយ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារ ថែរក្សាដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ព្រមទាំងបានណែនាំដល់អាជ្ញាធរដែនដីចូលរួមទប់ស្កាត់ការបន្តចូលអាស្រ័យផលដីតំបន់៣ ការរុករានទន្ទ្រានព្រៃលិចទឹក និងពង្រឹងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត មានដូចជាអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ និងអនុក្រឹត្យលេខ ៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្រុមការងារបាន ចុះពិនិត្យទីតាំងជាក់ស្តែងបង្គោល កំណត់ព្រំដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកជីក្រែង គ្របដណ្តប់លើឃុំចំនួន ៨ មានបង្គោលសរុបចំនួន ៨០បង្គោល ចាប់ពីចំណុចបង្គោលលេខ២២០ ដល់២៩៩(លេខបណ្តោះអាសន្ន) បានពិនិត្យឃើញថា បានបោះចប់ ១០០% និងមានសភាពល្អសមស្របតាមចំណុចនិយាមកាដែលក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាបបានកំណត់។ តែនៅក្នុងភូមិសាស្ត្រឃុំមួយចំនួន ប្រជាពលរដ្ឋ សហគមន៍ និងម្ចាស់កសិដ្ឋានស្រែប្រាំងនៅតែបន្តចូលអាស្រ័យផលលើដីតំបន់៣ និងមានការជីកអាងទឹក ជីកស្តារប្រឡាយទឹកក្នុងតំបន់ក្នុងតំបន់២ និងតំបន់៣៕





















