Thursday, April 23, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី រួម​និង​មន្ត្រី​បច្ចេកទេស បាន​ជួបប្រជុំ​ជាមួយ​តំណាង​ធនាគារពិភពលោក (WB), ICEM, DFAT AWP

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី ការវិភាគ​សន្តិសុខ​ទឹក​នៅ​អាង​ទន្លេសាប និង​ចុះ​ទស្សនកិច្ច​សិក្សា​ជាក់ស្តែង​នៅតាម​បណ្តា​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប នា​ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប រួម​និង​មន្ត្រី​បច្ចេកទេស បាន​ជួបប្រជុំ​ជាមួយ​តំណាង​ធនាគារពិភពលោក (WB), ICEM, DFAT AWP និង​លេខា​ទី​២ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​ធាតុ​ចូល ដែល​ក្រុមការងារ​បាន​រកឃើញ និង​បាន​ស្រង់​យក​ចំណុច​សំខាន់ៗ មតិ​ភាគី​ពាក់ព័ន្ធ កំណត់​ប្រធានបទ​ទូទៅ ភាពខុសប្លែក​គ្នា និង​បញ្ហា​ប្រឈម​ដែល​កើតឡើង​នៅ​ទូទាំង​អាង​ទន្លេសាប រួមមាន​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ សៀមរាប និង​ខេត្តកំពង់ធំ ដើម្បី​យកមក​ធ្វើការ​ពិភាក្សា និង​ចាត់ថ្នាក់​ចំណុចក្តៅ (hot spots )​ដែល​ត្រូវ​កែលំអរ ណែនាំ និង​កំណត់​អាទិភាព (​រយៈពេល​ខ្លី មធ្យម វែង​)​។​
​សូម​ជម្រាបជូន​ថា អាង​ទន្លេសាប​ដែលជា​ទីជម្រក​របស់​ប្រជាជន​ជាង ៥ លាន​នាក់ គឺជា​ចំណុចកណ្ដាល​យ៉ាងសំខាន់​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​សន្តិសុខ​ទឹក​របស់​ប្រទេស​កម្ពុជា​។ យ៉ាងណាមិញ អាង​នេះ​កំពុង​ប្រឈម​ទៅនឹង​បញ្ហា​ជាច្រើន​ដែល​បណ្ដាលមកពី​បម្រែបម្រួល​ទឹក​តាម​រដូវ ការផ្គត់ផ្គង់​ទឹក និង​សេវា​ប្រព័ន្ធ​អនាម័យ​មិន​គ្រប់គ្រាន់ រួមទាំង​បញ្ហា​បរិស្ថាន​នានា​ដែល​កំពុង​កើន​ឡើងជា​លំដាប់​។ ជាការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំងនេះ អាជ្ញាធរ​ទន្លេសាប (TSA) សហការ​ជាមួយ​ធនាគារពិភពលោក DFAT និង AWP កំពុង​អនុវត្ត​កម្មវិធី​សន្តិសុខ​ទឹក និង​ភាព​ធន់​នៃ​ទឹក ដើម្បី​កំណត់​ផ្លូវ​ប្រកបដោយ​និរន្តរភាព​សម្រាប់​ភាព​ធន់ និង​ការ​សម្រប​ខ្លួន​នៅក្នុង​អាង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍