នាថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប និងមន្ត្រីរដ្ឋាករទឹកស្វយ័តខេត្តសៀមរាប ប្រជុំពិភាក្សាលើរបាយការណ៍បច្ចុប្បន្នភាពស្តីពីការកំណត់តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹក ស្ថិតនៅក្នុងអាង នៃបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ ខេត្តសៀមរាប។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាបច្ចេកទេសលម្អិតជាមួយមន្ត្រីរដ្ឋាករទឹកស្វយ័តសៀមរាប និងមន្ត្រីបច្ចេកទេសអង្គភាពជំនាញពាក់ព័ន្ធ លើរបាយការណ៍បច្ចុប្បន្នភាពរបស់រដ្ឋាករទឹក និងបានគិតគូរដល់ផលប៉ះពាល់ ដែលអាចកើតមានដោយសារការកំណត់ទីតាំង និងទំហំតំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹក និងពិនិត្យអំពីប្រភពបំពុលគុណភាពទឹក ផលប៉ះពាល់លម្ហនេសាទសាធារណៈ និងចរាចរណ៍ឆ្លងកាត់។
សូមជម្រាបជូនថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ក្នុងនោះតម្រូវការក្នុងការប្រើប្រាស់ទឹកលើគ្រប់វិស័យដែលបឹងទន្លេសាបមានតួនាទីសំខាន់ រួមជាមួយបណ្តាដៃអាងស្ទឹងទាំង ១១ នៅជុំវិញបឹងទន្លេសាប ជាពិសេសតម្រូវការលើផ្នែកកសិកម្ម និងការផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងបានគិតគូរពីបញ្ហាប្រឈមនានាមកលើបឹងទន្លេសាបក្នុងពេលបច្ចុប្បន្ន រួមទាំងកត្តាប្រែប្រួលអាកាសធាតុនាពេលអនាគតផងដែរ។
អង្គប្រជុំបានឯកភាពគ្នាជាគោលការណ៍កម្រិតបច្ចេកទេសឈានទៅដល់ការរៀបចំសេចក្តីព្រៀងកំណត់តំបន់ការពារប្រភពទឹក និងស្នើឱ្យរដ្ឋាករទឹកស្វយ័តសៀមរាប ធ្វើការវិភាគគុណភាពទឹកអណ្តូងដែលនៅជិតស្ថានីយបូមទឹកឆៅបឹងទន្លេសាបលើប៉ារ៉ាម៉ែត្រសំខាន់ៗ និងរៀបចំជារបាយការណ៍ និងបែបបទបច្ចេកទេសជាជម្រើសជូនថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាលសម្រេច៕


























