នារសៀលថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប ទទួលបន្ទុកអនុវត្តគម្រោង ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន បានទទួលជួបជាមួយក្រុមអ្នកជំនាញការចិន មកពីវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រណានជីង Nanjing Hydraulic Research Institute (NHRI) ដឹកនាំដោយលោកស្រីបណ្ឌិត Lin Yujing ប្រធាននាយកដ្ឋានស្រាវជ្រាវអេកូបរិស្ថាន (EERD) ដើម្បីពិភាក្សាការងារលើវិស័យដូចជា ការបង្ការគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការគ្រប់គ្រងទឹក និងអភិបាលកិច្ចបរិស្ថានទឹកក្រោមបរិបទនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងធ្វើទស្សនកិច្ចសិក្សាប្រមូលព័ត៌មានបែបវិទ្យាសាស្ត្រនៅតាមដងទន្លេសាប រហូតដល់តំបន់បឹងទន្លេសាប។
កិច្ចប្រជុំពិភាក្សានេះ មានគោលបំណង៖
១. ពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបច្ចេកទេសលើការងារសិក្សាស្រាវជ្រាវ ព្រមទាំងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព
២. ពិភាក្សាការចុះទស្សនកិច្ចសិក្សាប្រមូលទិន្នន័យព័ត៌មាននៅតាមដងទន្លេសាប បឹងទន្លេសាប និងតំបន់ជុំវិញបឹងទន្លេសាប។
៣. ពិភាក្សាអំពីគុណភាពទឹក កករដីល្បាប់ ការគ្រប់គ្រងតំបន់ដីសើម តំបន់អភិរក្ស និងការការពារធនធានជលផលនៅតំបន់បឹងទន្លេសាប
៤. ពង្រឹងភាពជាដៃគូក្នុងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្របន្ថែមទៀត។
សូមបញ្ជាក់ផងដែរថា អាជ្ញាធរទន្លេសាប បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រណានជីង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ កន្លងមក៕

















