នាថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារអនុវត្តគម្រោងសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមសិក្ខាសាលា ស្តីពីការបង្កើនសមត្ថភាពការពារទឹកជំនន់ និងជំនោរសមុទ្រ នៅទីក្រុងគ័ងចូវ ខេត្តគ័ងតុង សាធារណរដ្ឋប្រជាមានិតចិន ដែលមានសមាសភាពមកពីប្រទេសចំនួន ៤ ចូលរួម មានប្រទេសកម្ពុជា បង់ក្លាដេស ម៉ាឡេស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង ។ សិក្ខាសាលានេះ មានគោលបំណង៖
- ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង ស្តីពីការការពារច្រាំងទន្លេ-សមុទ្រ
- ពង្រឹងសមត្ថភាពបន្ថែមលើការការពារជំនន់សមុទ្រ និងជំនោរសមុទ្រ
- ការងារគ្រប់គ្រងធនធានទឹកអាងទន្លេ ការគណនាធារទឹក និងការព្យាករទឹកជំនន់ និងរាំងស្ងួត ដោយប្រើម៉ូដែលជលគតិ និងឌីណាមិចម៉ូដែល ព្រមទាំងបច្ចេកវិទ្យាអេអាយ (AI)
- ការបែងចែកទឹកប្រើប្រាស់ សម្រាប់បម្រើឲ្យវិស័យកសិកម្ម ឧស្សាហកម្ម និងការគ្រប់គ្រងទឹកជំនន់ក្នុងអាងទឹក
- ការចុះទស្សនកិច្ចលើទីតាំងគម្រោងជាក់ស្តែង៕






















