នាសាលប្រជុំទីស្នាក់ការធនាគារអភិវឌ្ឍន៍អាស៊ី (ADB Meeting Room) នារសៀលថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប ឯកឧត្តម ជា សុខនី អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារនាយកដ្ឋានធនធានធម្មជាតិ និងនាយកដ្ឋានត្រួតពិនិត្យ ការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបផែនការមេនៃភាពធន់របស់អាងទន្លេក្នុងព្រះរាជាណាចក្រកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំបានពិភាក្សាអំពី៖
១. សាវតា វឌ្ឍនភាព និងយន្តការការងារ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលចែកជា ៣ ដំណាក់កាលទី១). ក្នុងអាងទន្លេសាប, ទី២). ក្នុងអាងទន្លេមេគង្គលើ និងទី៣). ក្នុងតំបន់ទន្លេមេគង្គក្រោម និងតំបន់មាត់សមុទ្រ។
២. ពិភាក្សារៀបចំជាយន្តការវិស័យធនធានទឹក សេដ្ឋកិច្ច សង្គម និងការងារគ្រប់គ្រងនៅតំបន់អាងទន្លេមេគង្គ អាងទន្លេសាប និងតំបន់មាត់សមុទ្រសម្រាប់រយៈពេលខ្លី (ឆ្នាំ២០២៦-២០៣០) រយៈពេលមធ្យម (ឆ្នាំ២០៣១-២០៥០) និងរយៈពេលវែង (ឆ្នាំ២០៥១-២០៧០) ដើម្បីកសាងផែនការមេ ជាពិសេសតំបន់អាងទន្លេសាបក្នុងដំណាក់កាលទី១ ។
៣. ប្រមូលមតិយោបល់ពីអង្គប្រជុំ ដែលជាធាតុចូលសម្រាប់កែលម្អ និងធ្វើឱ្យប្រសើរឡើងនូវទិសដៅរៀបចំជាយន្តការវិស័យធនធានទឹក សេដ្ឋកិច្ច សង្គម និងការងារគ្រប់គ្រងនៅពេលអនាគត៕







