នារសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងក្រុមការងារមុខព្រួញ បានចូលរួមកិច្ចប្រជុំរៀបចំផែនការអនុវត្តការងារចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យក្បាលដី តាមបណ្តាភូមិ ឃុំ ស្រុក ពាក់ព័ន្ធនឹងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារប្រតិបត្តិខេត្តកំពង់ឆ្នាំង។
គោលបំណងនៃកិច្ចប្រជុំដើម្បីរៀបចំ៖
បញ្ជាក់អំពីគោលបំណងនៃការបង្កើតក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប
ពិភាក្សាអំពីស្ថានភាពទូទៅ និងការអាស្រ័យផល របស់ប្រជាជននៅក្នុងតំបន់២ និងតំបន់៣ និងបញ្ហាប្រឈមនានា
រៀបចំបង្កើតក្រុមការងារអនុវត្តដោយរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ និងជនបង្គោលអាជ្ញាធរទន្លេសាប (មន្ទីរធនធានទឹក និងឧតុនិយម)
រៀបចំផែនការ និងពេលវេលានៃការចុះអនុវត្តការងារ និងបូកសរុបបាយការណ៍ អំពីសក្តានុពលនៃធនធានដីតំបន់បឹងទន្លេសាប សម្រាប់បម្រើដល់ការប្រើប្រាស់យូរអង្វែង។
ក្រុមការងារអន្តរស្ថាប័ននឹងបន្តកិច្ចសហការ ចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃតំបន់បឹងទន្លេសាប រួមមាន លក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ និងមុខរបរ រូបភាពនៃការប្រើប្រាស់ដីហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងស្ថានភាពសកម្មភាពអភិវឌ្ឍន៍នៅមូលដ្ឋានឃុំ ស្រុក ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃខេត្តកំពង់ឆ្នាំង៕










