Friday, May 29, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការតាមដាន​ត្រួតពិនិត្យ​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក និង​ការបន្ត​អាស្រ័យ​ផល​ក្នុង​តំបន់​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​

​នា​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ក្នុងនាម​តំណាង ឯកឧត្តម អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការតាមដាន និង​ត្រួតពិនិត្យ​លើ​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក និង​ការបន្ត​ចូល​អាស្រ័យ​ផល​ក្នុង​តំបន់​៣ ដែលជា​តំបន់​ត្រូវការពារ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដែលមាន​ការចូលរួម​ពី អភិបាលរង​ស្រុក​មោងឫស្សី នាយផ្នែក​ជលផល​ស្រុក​មោងឫស្សី មន្ត្រី​កសិកម្ម​ស្រុក នាយករង​រដ្ឋបាល​ស្រុក លោក​/​លោកស្រី​មេឃុំ ក្រុមប្រឹក្សាឃុំ និង​លោក​មេភូមិ​។
​កិច្ចប្រជុំ​មាន​គោលបំណង​៖

  • ពិនិត្យ និង​តាមដាន​ស្ថានភាព​ទូទៅ ព្រមទាំង​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ជាប្រចាំ ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់​ទន្ទ្រាន កាន់កាប់ និង​ប្រើប្រាស់​ដីព្រៃ​លិច​ទឹក​ដោយ​ខុសច្បាប់ ក្នុង​តំបន់​៣ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ឱ្យបាន​ទាន់ពេលវេលា​
  • ជំរុញ​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ស្តីពី​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​ម៉ឺងម៉ាត់ សំដៅ​ទប់ស្កាត់​ការកាប់​ទន្ទ្រាន កាន់កាប់ និង​ប្រើប្រាស់​ដី​តំបន់​៣ ដោយ​ខុសច្បាប់​
  • លើកកម្ពស់​ការយល់ដឹង និង​ការចូលរួម​របស់​អាជ្ញា​ធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ក្នុងការ​ថែរក្សា​ព្រៃ​លិច​ទឹក ដែលជា​សម្បត្តិ​ធនធានធម្មជាតិ​សម្រាប់​ត្រី​ពង​កូន និង​ជីវចម្រុះ​គ្រប់​ប្រភេទ​
  • ក្នុង​ការចុះពិនិត្យ​នៅ​ទីតាំង​ជាក់ស្តែង ក្រុមការងារ​បានធ្វើកា​រ​ផ្សព្វផ្សាយ និង​ពន្យល់​អំ​ពីបទ​ប្បញ្ញត្តិ​ច្បាប់​ជូន​ប្រជាពលរដ្ឋ ដោយ​ណែនាំ​មិនឱ្យ​មានការ​ចូល​កាប់​ទន្ទ្រាន បង្កបង្កើនផល ឬ​ប្រើប្រាស់​ដី​ហួស​ខ្សែបន្ទាត់​ព្រំប្រទល់​តំបន់​៣ ដែលជា​តំបន់​ការពារ​ដាច់ខាត ព្រមទាំង​ជំរុញ​ឱ្យចូល​រួម​ថែរក្សា និង​អភិរក្ស​ព្រៃ​លិច​ទឹក និង​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​៕

ព័ត៌មាន និងព្រឹត្តិការណ៍