Wednesday, March 18, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ស្តីពី​ការរៀបចំ​ផែន​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​

​នា​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប រួមទាំង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​ខេត្តកំពង់ធំ ស្តីពី​ការរៀបចំ​ផែន​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ដែលមាន​ការចូលរួម​ពី​ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរង តំណាង ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​រួមមាន ៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី មន្ទីរ​អភិវឌ្ឍន៍ជនបទ រួមទាំង​អាជ្ញាធរ ស្រុក ឃុំ ពាក់ព័ន្ធ​តំបន់​បឹង​ទន្លេសាប ដែលមាន​សមាសភាព​ស​រុ​ប​ចំនួន ៣៤​រូប​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​៖

  • បទ​បង្ហាញ ស្តីអំពី​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​ក្នុង​តំបន់​ដែល​ទទួលរង​ការទន្ទ្រាន តំបន់​ព្រៃ​រេច​រិល តំបន់​ភ្លើង​ឆេះ​ព្រៃ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ដោយ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ទន្លេសាប​
  • កិច្ចពិភាក្សា និង​ការផ្តល់​ធាតុ​ចូល​បន្ថែម​ពី​មន្ទីរជំនាញ​ពាក់ព័ន្ធ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​ស្របតាម​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង​នៅតាម​តំបន់​នីមួយៗ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់
  • ការប្រមូល​ព័ត៌មាន​ទិន្នន័យ ការចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធ​ន៍ប​ច្ចេកទេស​ពាក់ព័ន្ធ​កិច្ច​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ​។​
    ​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​កំពង់ធំ ដែល​បានផ្តល់​កិច្ចសហការ​ណ៍​យ៉ាង​ល្អប្រសើរ ជាមួយ​មន្ទីរជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​ពិភាក្សាគ្នា​ស៊ីជម្រៅ​លើ​ការកំណត់​ទីតាំង​អាទិភាព សម្រាប់​ប​ញ្ជូ​ល​ក្នុង​ផែន​ការដាំ​ស្ដារ​ព្រៃ​លិច​ទឹក​ឡើងវិញ​។ ឯកឧត្តម​ប្រធាន​អង្គប្រជុំ ក៏បាន​បញ្ជាក់​ផងដែរ​អំពី​សារៈសំខាន់​នៃ​បឹង​ទន្លេសាប និង​ជាពិសេស​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​។
    ​បន្ទាប់ពី​កិច្ចប្រជុំ ក្រុមការងារ​ដាំ​ស្តារ​ក៏បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ដី​តំបន់​៣ ដែល​រង​ការទន្ទ្រាន​នាពេល​កន្លងមក ស្ថិតនៅ​តំបន់​បឹង​ទទឹងថ្ងៃ និង​តំបន់​ព្រះ​ស្នែង ក្នុងភូមិ​សាស្ត្រ​ភូមិ​ខ្សាច់​ជីរ​ស់ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ដោយមាន​កិច្ចសហការ​ចូលរួម​ពី​លោក ប៉េង សុធា​រៈ អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម លោក បៃ ឃី មេភូមិ​ខ្សាច់​ជីរ​ស់ និង​លោក ឡាយ ម៉េង​ឡុង ប្រធាន​សហគមន៍​នេសាទ​កំពង់​គោ​។​
    ​ជា​លទ្ធផល​បឋម​៖ អនុលោម​តាម​សេចក្តីសម្រេច​លេខ ៦២១ អ​ទស ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប ក្រុមការងារ​បានរៀបចំ​កិច្ចប្រជុំ ជាមួយ​រដ្ឋបាលខេត្ត មន្ទីរជំនាញ និង​អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប រួមមាន​៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​បានបញ្ចប់​ត្រឹម​ខេត្តកំពង់ធំ​។ ជា​លទ្ធផល​បឋម តាមរយៈ​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ទាំង ៦ ព្រមទាំង​រដ្ឋបាល​ក្រុង​ស្រុក និង​ឃុំ​សង្កាត់​ទាំងអស់ បានផ្តល់​ទីតាំង​អាទិភាព​សម្រាប់​ប​ញ្ជូ​ល​ក្នុង​ផែន​ការដាំ​ស្ដារ​ព្រៃ​លិច​ទឹក​ឡើងវិញ សរុប​មាន​ចំនួន ៣៤​ទីតាំង​។
    ​ជា​ទិសដៅ​បន្ត​៖ ក្រុមការងារ​ដាំ​ស្តារ អាជ្ញាធរ​ទន្លេសាប នឹង​បន្ត​ចុះ​ធ្វើការ​ផ្ទាល់ ដោយ​ពិនិត្យ​លើ​ទីតាំង​ថ្នាល​បណ្តុះ​កូនឈើ​ដែល​សមស្រប ព្រមទាំង​ពិនិត្យ​វាយតម្លៃ​បន្ថែម​ទៅលើ​ផ្ទៃដី​នៃ​ទីតាំង​អាទិភាព​ជាក់ស្តែង សម្រាប់​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ជា​ជំហាន​ដំបូង​ក្នុង​ឆ្នាំ​២០២៦ និង​ឆ្នាំ​បន្តបន្ទាប់ ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ព្រមទាំង​រដ្ឋបាល​ក្រុង​ស្រុក និង​ឃុំ​សង្កាត់ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​វិញ​បឹង​ទន្លេសាប​។
    ​សូមបញ្ជាក់​ផងដែរ​ថា យោង​លើ​លិខិត​លេខ ៦៩៦ សជណ​.​កធ ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយបាន​ឯកភាព​ជាគោលការណ៍ ជូន​ក្រសួង​ធនធានទឹក និង​ឧតុនិយម (​អាជ្ញាធរ​ទន្លេសាប​) សហការ ជាមួយ​ក្រសួង ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​នៃ​ខេត្ត​ទាំង​៦ និង​សហគមន៍ ស្ថិតនៅក្នុង​ខេត្ត​ជុំវិញ​តំបន់​បឹង​ទន្លេសាប ធ្វើ​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ នៅតាម​ទីតាំង​ដែល​រង​នូវ​ការទន្ទ្រាន​នាពេល​កន្លងមក និង​តំបន់​រេច​រិល ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍