នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប រួមទាំងមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តសៀមរាប ស្តីពីការរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមានការចូលរួមពី លោក អ៉ឹង គឹមលាង អភិបាលរង តំណាង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប មន្ទីរជំនាញពាក់ព័ន្ធមានដូចជា៖ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ រួមទាំងអាជ្ញាធរ ស្រុក ឃុំ ពាក់ព័ន្ធតំបន់បឹងទន្លេសាប ដែលមានសមាសភាពសរុបចំនួន ៤៦រូប។
គោលបំណងនៃកិច្ចប្រជុំ៖
- បទបង្ហាញដោយមន្ត្រីជំនាញអាជ្ញាធរទន្លេសាប អំពីផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ក្នុងតំបន់រងការទន្ទ្រាន តំបន់ព្រៃរេចរិល តំបន់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្ត្រខេត្តសៀមរាប
- ពិភាក្សាប្រមូលធាតុចូលបន្ថែមពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរៀបចំបច្ចុប្បន្នភាពផែនការអនុវត្តកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញឱ្យសមស្របតាមស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព
- ចែករំលែកទិន្នន័យព័ត៌មាន ផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ពាក់ព័ន្ធកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានបញ្ជាក់ពីសារៈសំខាន់ពីតំបន់បឹងទន្លេសាប និងជាពិសេសកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញ ដែលរាជរដ្ឋាភិបាលបានប្រគល់កិច្ចការងារនេះដល់អាជ្ញាធរទន្លេសាប ក្នុងការរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប។ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ដែលបានផ្តល់កិច្ចសហការណ៍យ៉ាងល្អប្រសើរ និងចូលរួមពិភាក្សាយ៉ាងផុលផុសក្នុងការកំណត់ទីតាំងអាទិភាពដែលជាព័ត៌មានបឋម និងជាធាតុចូលយ៉ាងសំខាន់សម្រាប់បញ្ចូលក្នុងផែនការដាំស្តារព្រៃលិចទឹកឡើងវិញក្នុងភូមិសាស្ត្រខេត្តសៀមរាប។
មន្ត្រីជំនាញអាជ្ញាធរទន្លេសាប និងមន្ទីរជំនាញពាក់ព័ន្ធបានធ្វើបទបង្ហាញ ព្រមទាំងផ្លាស់ប្តូរមតិយោបល់លើគោលការណ៍បច្ចេកទេសនៃការដាំស្តារ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់។ ជាទិសដៅបន្តក្រុមការងារជំនាញនឹងចុះពិនិត្យវាយតម្លៃបន្ថែមទៅលើតំបន់អាទិភាពជាក់ស្តែង ក្នុងការដាំស្តារព្រៃលិចទឹកឡើងវិញ ដើម្បីដាក់ចូលក្នុងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពជំនាញពាក់ព័ន្ធរដ្ឋបាលខេត្តសៀមរាប ក្រុមការងារក៏បានចុះពិនិត្យទីតាំងដីតំបន់៣ ដែលរងការទន្ទ្រានកន្លងមក នៅតំបន់ចំការសណ្តែក ស្ថិតក្នុងភូមិសាស្ត្រភូមិតាច្រនាង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានកិច្ចសហការចូលរួមពីលោក ជុំ ចាន់ថេង អភិបាលរង ស្រុកសូទ្រនិគម លោក យូ តេងបឿង ភូមិបាលស្រុក លោក សុខ សុង នាយសង្កាត់រដ្ឋបាលជលផលសូទ្រនិគម និងលោក ប៉ា ប៉ូរ មេឃុំកំពង់ឃ្លាំង។
សូមបញ្ជាក់ផងដែរថា យោងលើលិខិតលេខ ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយបានឯកភាពជាគោលការណ៍ ជូនក្រសួងធនធានទឹក និងឧតុនិយម (អាជ្ញាធរទន្លេសាប) សហការ ជាមួយក្រសួង ស្ថាប័ន ជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង៦ និងសហគមន៍ ស្ថិតនៅក្នុងខេត្តជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់រេចរិល ក្នុងភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប៕


















