នាព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តបាត់ដំបង ស្តីពី ការរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលមានការចូលរួមពី ឯកឧត្តម ហេង វណ្ណនី អភិបាលរង តំណាង ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មន្ទីរជំនាញពាក់ព័ន្ធមានដូចជា៖ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរអភិវឌ្ឍន៍ជនបទ រួមទាំងអាជ្ញាធរ ស្រុក ឃុំ ពាក់ព័ន្ធតំបន់បឹងទន្លេសាប ដែលមានសមាសភាព សរុបចំនួន ៤០រូប។
គោលបំណងនៃកិច្ចប្រជុំ៖
- បទបង្ហាញដោយមន្ត្រីជំនាញអាជ្ញាធរទន្លេសាប អំពីផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ក្នុងតំបន់រងការទន្ទ្រាន តំបន់ព្រៃរេចរិល តំបន់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
- ពិភាក្សាប្រមូលធាតុចូលបន្ថែមពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរៀបចំបច្ចុប្បន្នភាពផែនការអនុវត្តកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញឱ្យសមស្របតាមស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព
- ចែករំលែកទិន្នន័យព័ត៌មាន ផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសនានា ពាក់ព័ន្ធកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានបញ្ជាក់ពីសារៈសំខាន់នៃតំបន់បឹងទន្លេសាប និងជាពិសេសកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញ ដែលរាជរដ្ឋាភិបាលបានប្រគល់កិច្ចការងារនេះដល់អាជ្ញាធរទន្លេសាប ក្នុងការរៀបចំផែនការ ការអនុវត្តការងារ និងបានថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង បានផ្តល់កិច្ចសហការណ៍យ៉ាងល្អក្នុងការសម្របសម្រួលដល់ក្រុមការងារជំនាញអាជ្ញាធរទន្លេសាប ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ។
កិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុល ដោយមានការចូលរួមផ្តល់ព័ត៌មានធាតុចូលល្អៗជាច្រើនពីមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាល ស្រុក ឃុំ ដែលស្ថិតក្នុងភូមិសាស្ត្រតំបន់៣ និងស្នើឱ្យមានការពិភាក្សារួមគ្នាជាបឋមដើម្បីកំណត់ទីតាំងអាទិភាពសម្រាប់ការដាំស្តារឡើងវិញ។
ក្រុមការងារបានបន្តចុះពិនិត្យទីតាំងជាក់ស្តែង នៃតំបន់ដែលត្រូវដាំស្តារព្រៃលិចទឹកឡើងវិញក្នុងភូមិសាស្ត្រ តំបន់ចុងតាអួរ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
សូមបញ្ជាក់ផងដែរថា យោងលិខិតលេខ ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយបានឯកភាពជាគោលការណ៍ ជូនក្រសួងធនធានទឹក និងឧតុនិយម (អាជ្ញាធរទន្លេសាប) សហការ ជាមួយក្រសួង ស្ថាប័ន ជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង៦ និងសហគមន៍ ស្ថិតនៅក្នុងខេត្តជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់រេចរិល ក្នុងភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប៕


















